សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ រាជរដ្ឋាភិបាល មិនទាន់សម្រេចនៅឡើយទេ ចំពោះអនុវត្តការយកពន្ធលើប្រាក់ចំណេញ
ភ្នំពេញ ៖ ក្នុងសារជាសំឡេង ផ្ញើជូនគណៈរដ្ឋមន្ត្រី នាយប់ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានប្រកាសថា មកដល់ពេលនេះ គោលការណ៍ ដែលត្រូវអនុវត្តក្នុងការយកពន្ធលើប្រាក់ចំណេញ ឬចំណេញមូលធន គឺរាជរដ្ឋាភិបាល មិនទាន់សម្រេចនៅឡើយទេ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា នៅក្នុងខែវិច្ឆិកាខាងមុខនេះ សម្តេច នឹងធ្វើវេទិការវាងរាជរដ្ឋាភិបាល និងវិស័យឯកជន ដើម្បីស្តាប់នូវការលំបាក និងសំណូមពររបស់វិស័យឯកជន ហើយរាជរដ្ឋាភិបាល នឹងត្រៀមដាក់ចេញវិធានការ ក្នុងការជួយគាំទ្រ និងដោះស្រាយសម្រាប់វិស័យឯកជន។ ក្នុងនោះ ក៏មានពាក់ព័ន្ធនឹងពន្ធដារនេះផងដែរ។
ក្នុងសារជាសំឡេងដដែល សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា តាំងពីបង្កើតរាជរដ្ឋាភិបាលថ្មី កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ រហូតដល់ពេលនេះ មិនមានការបង្កើតពន្ធថ្មី ឬក៏បង្កើនអត្រាពន្ធ ដើម្បីដាក់បន្ទុកលើវិស័យឯកជន ឬក៏លើប្រជាពលរដ្ឋនោះទេ។
សូមរម្លឹកថា ការចេញមកបញ្ជាក់របស់សម្តេចធិបតី ហ៊ុន ម៉ាណែត ខាងលើនេះ គឺខណៈដែលមានការលើកឡើងច្រើន ក្នុងរយៈពេលប៉ុន្មានថ្ងៃមកនេះ ពីសំណាក់មហាជនទូទៅ ដោយសារតែអគ្គនាយកពន្ធដារ បានប្រកាសពីការយកពន្ធលើប្រាក់ចំណេញ ឬពន្ធចំណេញមូលធន។
ក្នុងនោះ អគ្គយកដ្ឋានពន្ធដារ ក៏បានចេញសេចក្តីបំភ្លឺ ចុះថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣ ដោយលើកឡើងថា ចំពោះការយកពន្ធលើចំណេញមូលធន គឺមិនមែនជាប្រភេទពន្ធ ដែលទើបតែបង្កើតថ្មីនោះទេ។ សម្រាប់នីតិបុគ្គល ពន្ធនេះ ត្រូវបានដាក់ឱ្យអនុវត្តចាប់តាំងពីឆ្នាំ១៩៩៤ មកម្លេះ។ ជាក់ស្តែង ក្រុមហ៊ុន និងសហគ្រាសនានា បានបង់ពន្ធលើប្រាក់ចំណូល ដែលរួមបញ្ចូលទាំងចំណេញមូលធន មិនតែប៉ុណ្ណោះ សហគ្រាស ដែលប្រកបអាជីវកម្ម លើវិស័យអចលនទ្រព្យ ក៏បានបង់ពន្ធនេះដែរ៕
អត្ថបទទាក់ទង
-
ករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ នៅម្ដុំផ្សារដេប៉ូ សង្កាត់ផ្សារដេប៉ូ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ហើយ ក្នុងទីតាំងកើតហេតុនេះ ក៏មានមនុស្សជាប់នៅក្នុងផ្ទះនោះផងដែរ