(អាមេរិក)៖លោក ជី ចាវឈុន ជាវិស្វករជនជាតិចិន មានអាយុ៣០ឆ្នាំ ត្រូវបានផ្តន្ទាទោសដាក់ពន្ធនាគាររយៈពេល ៨ឆ្នាំ នៅសហរដ្ឋអាមេរិក បន្ទាប់ពីការលួចធ្វើសកម្មភាពស៉ើបការណ៍ ឱ្យរដ្ឋាភិបាលទីក្រុងប៉េកាំង បន្ទាប់ពីត្រូវបានអាជ្ញាធរអាមេរិកចាប់ខ្លួន តាំងតែពីខែកញ្ញា ឆ្នាំ២០១៨មកម្ល៉េះ។ នេះបើតាមសេចក្តីរាយការណ៍ដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី២៦ ខែមករា ឆ្នាំ២០២៣។
វិស្វករជនជាតិចិនម្នាក់នេះ បានធ្វើដំណើរមកកាន់សហរដ្ឋអាមេរិក តាមរយៈទិដ្ឋាការប្រភេទនិស្សិត កាលពីឆ្នាំ២០១៣ ហើយក្រោយមកបានចុះឈ្មោះចូលជាកងកម្លាំងបម្រុង នៃកងទ័ពជើងគោកអាមេរិកថែមទៀតនោះ ត្រូវបានចោទប្រកាន់ពីបទធ្វើសកម្មភាពចារកម្ម ដើម្បីស្វែងរកមើលអ្នកវិទ្យាសាស្រ្តក៏ដូចជាវិស្វករអាមេរិក ដែលអាចត្រូវអូសទាញឱ្យធ្វើជា គិញសម្ងាត់របស់ទីភ្នាក់ងារចារកម្មរបស់ចិន ដែលមានមូលដ្ឋាននៅខេត្តជាំងស៊ូ។
គួររំលឹកថា កាលពីខែវិច្ឆិកា ឆ្នាំ២០២២ មន្រ្តីចារកម្មចិនម្នាក់ ឈ្មោះ ស៊ូ យ៉ានជុន ដែលមកពីទីភ្នាក់ងារប្រចាំខេត្តជាំងស៊ូ ក៏ត្រូវបានតុលាការអាមេរិក កាត់ទោសឱ្យជាប់ពន្ធនាគារ២០ឆ្នាំផងដែរ បន្ទាប់ពីត្រូវបានចាប់ខ្លួន នៅប្រទេសបែលហ្ស៉ិកកាលពីឆ្នាំ២០១៨ ហើយធ្វើបត្យាប័នមកកាន់សហរដ្ឋអាមេរិក៕