សម្តេចធិបតី អរគុណដល់យុវជនកូនខ្មែរម្នាក់ ដែលបានផ្សព្វផ្សាយរូបភាពវិដេអូ សម្តេចតាមដងវិថីទីក្រុងញូវយ៉ក ពិសេសនៅ Time Square គឺពុំមានគិតថ្លៃនោះទេ
(ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បានអរគុណដល់ យុវជនកូនខ្មែរម្នាក់ ដែលបានផ្សព្វផ្សាយរូបភាពវិដេអូ សម្តេចធិបតី ហ៊ុន ម៉ាណែត តាមដងវិថីទីក្រុងញូវយ៉ក ពិសេសនៅ Time Square គឺពុំមានគិតថ្លៃ។
តាមគេហទំព័រហ្វេសបុកនាព្រឹកថ្ងៃទី ២៥ ខែកញ្ញា ឆ្នាំ២០២៥ សម្តេចធិបតី បានសរសេរថា «សូមអរគុណចំពោះប្អូនប្រុស David Soth ដោយបានសម្របសម្រួលជាមួយនឹងក្រុមហ៊ុនផ្សាយពាណិជ្ជកម្ម ដែលប្អូនកំពុងធ្វើការជាមួយ ដើម្បីផ្សព្វផ្សាយអំពីរូបភាពស្វាគមន៍ ដល់រូបខ្ញុំនៅលេី Billboard តាមតំបន់សំខាន់ៗមួយចំនួននៅទីក្រុងញូវយ៉ក ជាពិសេសនៅ Time Square ដោយឥតគិតថ្លៃ និងដោយមិនមានការស្នេីសុំពីអ្នកណា»។ «នេះគឺជាទឹកចិត្តដ៏ប្រពៃរបស់ប្អូន សម្រាប់រូបខ្ញុំផ្ទាល់ ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជា»។
សូមជម្រាបថា កន្លងមកនេះមានការផ្សព្វផ្សាយចោទប្រកាន់ដោយគ្មានមូលដ្ឋានពីសំណាក់ក្រុមអ្នកប្រឆាំងជ្រុលនិយមថា មានការជួលក្រុមហ៊ុន Billboard នៅសហរដ្ឋអាមេរិក ដើម្បីផ្សព្វផ្សាយរូបរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត ដែលចំណាយថវិកាអស់រាប់សិបម៉ឺនដុល្លារ ឬដល់លានដុល្លារ។
គួររំលឹកថា សម្តេចធិបតី នាយករដ្ឋមន្រ្តី បានទៅបំពេញបេសកកម្មចូលរួមកិច្ចប្រជុំអង្គការសហប្រជាជាតិលើកទី៧៨ នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣។ នៅក្នុងឱកាសនោះ សម្តេចត្រូវបានទទួលការគាំទ្រ និងស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់ប្រជាពលរដ្ឋខ្មែរជាច្រើន នៅសហរដ្ឋអាមេរិក និងកាណាដា។ សម្តេចបានធ្វើមាតុភូមិនិវត្តន៍មកដល់កម្ពុជាវិញ នៅព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣នេះ៕
អត្ថបទទាក់ទង
-
ករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ នៅម្ដុំផ្សារដេប៉ូ សង្កាត់ផ្សារដេប៉ូ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ហើយ ក្នុងទីតាំងកើតហេតុនេះ ក៏មានមនុស្សជាប់នៅក្នុងផ្ទះនោះផងដែរ