ការផ្ទេរកម្មសិទ្ធិដោយរកម្ចាស់ដើមមិនឃើញ នឹងត្រូវពន្យាពេល៣ខែ រហូតដល់ចុងខែកញ្ញា ឆ្នាំ២០២០
ការផ្ទេរកម្មសិទ្ធិយានយន្តដែលរកម្ចាស់ដើមមិនឃើញដែលត្រូវបិទបញ្ចប់នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០ ប៉ុន្តែពេលនេះ ក្រសួងសាធារណការ និងដឹកជញ្ជូន បានពន្យារពេលបន្ថែម៣ខែទៀត រហូតដល់ ចុងខែកញ្ញា ឆ្នាំ២០២០វិញ ។ការសម្រេចពន្យារពេលនេះ ដើម្បីឱ្យម្ចាស់យានយន្តដែលបានទិញលក់តៗគ្នា រកម្ចាស់ដើមមិនឃើញអាចដាក់ពាក្យស្នើសុំបង់ពន្ធប្រថាប់ត្រាផ្ទេរកម្មសិទ្ធិ យានយន្តមកជា របស់ខ្លួនបាន។ នេះបើយោងតាមក្រសួងសាធារណការ និងដឹក នៅព្រឹកថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២០នេះ។
សូមបញ្ជាក់ថា សម្រាប់អ្នកដែលកំពុងកាន់កាប់យានយន្តដែលទិញលក់តៗគ្នា រកម្ចាស់ដែលមិនឃើញ ដែលមានបំណងផ្ទេរកម្មសិទ្ធិយានយន្ត ត្រូវដាក់ពាក្យ សុំផ្ទេរ កម្មសិទ្ធិយានយន្ត ដោយភ្ជាប់នូវសំណុំឯកសារដូចខាងក្រោម៖
ទី១៖ ពាក្យសុំផ្ទេរកម្មសិទ្ធិយានជំនិះ មានផ្តិតមេដៃអ្នកស្នើសុំ និងមានបិទសំណៅលេខកាល់( តួ ឫសាក់ស៊ី) ដែលចម្លងដាក់ជាក់ស្ដែងពីយានយន្ត
ទី២៖ ប័ណ្ណសម្គាល់ (ច្បាប់ដើម) និងស្លាកលេខសម្គាល់យានជំនិះ (ករណីផ្ទេរកម្មសិទ្ធិឆ្លងរាជធានី ខេត្ត)
ទី៣៖ វិញ្ញាបនបត្រត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ
ទី៤៖ អត្តសញ្ញាណអ្នកលក់ និងអ្នកទិញ ពលរដ្ឋខ្មែរត្រូវមាន អត្តសញ្ញាណបណ្ណសញ្ជាត្តិខ្មែរ ច្បាប់ចម្លងដែលមានបញ្ជាក់ពីអាជ្ញាធរមានសមត្ថកិច្ច, ជនបរទេសត្រូវ លិខិតឆ្លងដែន និងទិដ្ឋការមានសុពលភាព និងលិខិតបញ្ជាក់ទីលំនៅចេញដោយអាជ្ញាធរមានសមត្ថកិច្ច
ទី៥៖ បង្កាន់ដៃពន្ធប្រថាប់ត្រា លើការផ្ទេរកម្មសិទ្ធិយានយន្ត
ទី៦៖ លិខិតលក់ទិញ
ទី៧៖ កិច្ចសន្យាធានា ដែលបញ្ជាក់ពីប៉ុស្តិ៍នគរបាលរដ្ឋបាល៕sp