(ភ្នំពេញ)៖ ក្រសួងសុខាភិបាល បានសហការជាមួយអាជ្ញាធរចុះទៅបិទទីតាំងលក់ឱសថបុរាណរបស់លោក ស៊ូ សេងហួរ បន្ទាប់ពីធ្វើសកម្មភាពមិនប្រក្រតី និងលក់ឱសថតបុរាណមិនមានច្បាប់អនុញ្ញាតពីក្រសួង។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលនៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៣នេះ បានឱ្យដឹងថា កន្លងមកនាយកដ្ឋានឱសថ ចំណីអាហារ បរិក្ខារពេទ្យ និងគ្រឿងសំអាង នៃក្រសួងសុខាភិបាល និងមន្ទីរសុខាភិបាល នៃរដ្ឋបាលរាជធានីភ្នំពេញ ធ្លាប់បានចុះទៅធ្វើការអប់រំ និងផាកពិន័យលោក ស៊ូ សេងហួរ ចំពោះករណីផ្សព្វផ្សាយការព្យាបាលជំងឺ ចែកចាយ និងលក់ឱសថបុរាណដោយគ្មានច្បាប់អនុញ្ញាតពីក្រសួងសុខាភិបាល និងបើកទីតាំងអគារឱសថបុរាណថ្មីដោយគ្មានច្បាប់អនុញ្ញាតពីរដ្ឋបាលរាជធានីភ្នំពេញ ចំនួន២ដងរួចមកហើយ នៅខែមីនា និងខែឧសភា ឆ្នាំ២០២៣។
ក្រសួងបន្តថា ទោះបីជាធ្លាប់បានសន្យាថា បញ្ឈប់ការធ្វើសកម្មភាពខុសច្បាប់ ក៏លោក ស៊ូ សេងហួរ នៅតែបន្តផ្សព្វផ្សាយ តាមបណ្តាញសង្គមហ្វេសប៊ុកនូវការព្យាបាលជំងឺមិនប្រក្រតី និងលក់ឱសថបុរាណដោយគ្មានច្បាប់អនុញ្ញាតពីក្រសួងសុខាភិបាល។
«ដោយសង្កេតឃើញនូវសកម្មភាពទាំងនេះ មន្ទីរសុខាភិបាល នៃរដ្ឋបាលរាជធានីភ្នំពេញ បានសហការ ជាមួយអាជ្ញាធរពាក់ព័ន្ធ ចុះទៅបិទបញ្ឈប់សកម្មភាពខុសច្បាប់ និងណែនាំលោក ស៊ូ សេងហួរ ឱ្យលុបវីដេអូ ផ្សព្វផ្សាយការព្យាបាលជំងឺប្រាស់ចាកការពិតទាំងអស់ចេញពីបណ្ដាញសង្គមហ្វេសប៊ុកជាបន្ទាន់»។ នេះជាការបញ្ជាក់ពីវិធានការរបស់ក្រសួងសុខាភិបាលលើសកម្មភាពរបស់លោក ស៊ូ សេងហួរ។
ក្រសួងសុខាភិបាល បានអំពាវនាវដល់ប្រជាពលរដ្ឋប្រុងប្រយ័ត្នក្នុងការសម្រេចចិត្តទទួលការព្យាបាលដោយមន្ដអាគម ឬឱសថ បុរាណដែលខុសច្បាប់ និងកុំជឿការឃោសនាភូតកុហកបោកប្រាស់ទាំងនោះ តាមបណ្តាញសង្គម ឃ្លីបវីដេអូ ឬការ ផ្សព្វផ្សាយតៗគ្នា ដែលនាំឱ្យខាតបង់ប្រាក់ ពេលវេលា ប៉ះពាល់ដល់សុខភាព និងអាចបណ្តាលឱ្យគ្រោះថ្នាក់ដល់ អាយុជីវិតជាយថាហេតុ៕
អត្ថបទទាក់ទង
-
ករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ នៅម្ដុំផ្សារដេប៉ូ សង្កាត់ផ្សារដេប៉ូ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ហើយ ក្នុងទីតាំងកើតហេតុនេះ ក៏មានមនុស្សជាប់នៅក្នុងផ្ទះនោះផងដែរ