ព្រៃវែង​ ៖​ សម្ដេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារចុះមូលដ្ឋានខេត្តព្រៃវែង បានកោតសរសេីរចំពោះអាជ្ញាធរគ្រប់លំដាប់ថ្នាក់​ ថែរក្សាការពារសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងសុខសុវត្ថិភាពយ៉ាងល្អប្រសើរ ក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។ 

ក្នុងសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២២ លើកទិសដៅការងារឆ្នាំ២០២៣ របស់គណៈកម្មាធិការគណបក្សខេត្តព្រៃវែង និងបង្ហាញបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ មណ្ឌលខេត្តព្រៃវែង​ នាថ្ងៃទី២៣​ ខែមេសា​ ឆ្នាំ២០២៣នេះ​ សម្ដេចក្រឡាហោម ស ខេង បានថ្លែងថា​ "សូមកោតសរសើរចំពោះថ្នាក់ដឹកនាំ មន្រ្តីរាជការ និងកងកម្លាំងមានសមត្ថកិច្ចទូទាំងខេត្តព្រៃវែង ដែលបានខិតខំរួមសហការគ្នាថែរក្សាការពារសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងសុវសុវត្ថិភាពយ៉ាងល្អប្រសើរ ក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរកាលពីសប្ដាហ៍កន្លងទៅ ដែលបង្កលក្ខណៈឱ្យបងប្អូនប្រជាពលរដ្ឋបានជួបជុំគ្រួសារ សាច់ញាតិ និងមិត្តភក្ដិយ៉ាងស្បាយរីករាយ"។ 

ក្នុងនាម​ សម្ដេចតេជោ ហ៊ុន​ សែន​ ប្រធានគណបក្សប្រជាជនកម្ពុជា,​ សម្ដេច​ ស​ ខេង​ បានសម្ដែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ សមាជិក សមាជិការ នៃក្រុមការងារគណបក្សគ្រប់ថ្នាក់ ព្រមទាំងអង្គការមហាជនគណបក្សទូទាំងខេត្តព្រៃវែងដែលបានខិតខំប្រឹងប្រែងបំពេញការងារប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ សម្រេចបាននូវលទ្ធផលការងារនានាជាច្រើន ទាំងការងារដ្ឋ និងការងារគណបក្ស។

ពីវេទិកាអធិបតីនោះដែរ សម្ដេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកក្ពុជា ក៏បានផ្ដល់អនុសាសន៍មួយចំនួនទៅកាន់អង្គសន្និបាត ដោយក្ដោបរួមទាំងលើការងាររាជរដ្ឋាភិបាល និងការងារគណបក្ស។ សម្ដេចក៏បានបង្ហាញការកត់សម្គាល់អំពីលទ្ធផលការងារឆ្នាំ២០២២ ដំណើរការជ្រើសរើសរៀបចំបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រមណ្ឌលព្រៃវែង ទិសដៅភារកិច្ចឆ្នាំ២០២៣ ដំណើរឆ្ពោះទៅកាន់ការបោះឆ្នោត ភារកិច្ចរបស់អាជ្ញាធរមូលដ្ឋានផងដែរ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ