ឆមាសទី១ ហ្វេសប៊ុក សម្ដេច ស ខេង ទទួលសំណូមពរពីពលរដ្ឋចំនួន ២៣៤គណនី ក្នុងនោះ ដោះស្រាយបាន ៤៥គណនី
ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានឱ្យដឹងថា ឆមាសទី១ ឆ្នាំ២០២៣នេះ ក្រុមការងារតាមដានអំពីការដោះស្រាយចំពោះមតិយោបល់ ឬសំណូមពររបស់ប្រជាពលរដ្ឋ នៅក្នុងទំព័រហ្វេសប៊ុករបស់ សម្ដេច ទទួលសំណូមពរ ក្នុងដែនសមត្ថកិច្ចក្រសួងមហាផ្ទៃ ចំនួន ២៣៤គរណី ក្នុងនោះក្រុមការងារដោះស្រាយបាន ៤៥ គណនី។
យោងតាមគេហទំព័រហ្វេសប៊ុករបស់ សម្ដេច ស ខេង នាថ្ងៃទី២១ មេសា បានបញ្ជាក់ថា «ខ្ញុំសូមជម្រាបជូនបងប្អូនជនរួមជាតិ នូវលទ្ធផល របស់ក្រុមការងារតាមដានអំពីការដោះស្រាយចំពោះមតិយោបល់ ឬសំណូមពររបស់បងប្អូនប្រជាពលរដ្ឋ នៅក្នុងទំព័រហ្វេសប៊ុករបស់ខ្ញុំ គិតត្រឹម ត្រីមាសទី១ (៣ខែ) ឆ្នាំ២០២៣»។
សម្ដេច បន្ដថា ចាប់ថ្ងៃទី១ ខែមករា រហូតដល់ដំណាច់ខែមីនា ឆ្នាំ២០២៣ ក្រុមការងារតាមដានអំពីការដោះ ស្រាយ ចំពោះមតិយោបល់ ឬសំណូមពររបស់បងប្អូនប្រជាពលរដ្ឋ នៅក្នុងទំព័រហ្វេសប៊ុករបស់ខ្ញុំបានទទួលសំណូមពរ និងសំណួររបស់ប្រជាពលរដ្ឋ ស្ថិតក្នុងដែនសមត្ថកិច្ចក្រសួងមហាផ្ទៃចំនួន ២៣៤ គណនី។
សម្ដេច គូសបញ្ជាក់ថា «ក្នុងចំណោមនោះ ក្រុមការងារបានឆ្លើយតបទៅម្ចាស់គណនី និងដោះស្រាយបានចំនួន ៤៥ គណនី និង១៤០គណនីទៀតកំពុងស្ថិតក្នុងដំណាក់កាលដោះស្រាយ។ ទន្ទឹមគ្នានេះក៏មានសំណូមពរ សំណួរ និងបញ្ហាខ្លះទៀត ត្រូវបានរកឃើញថាខុសពីសមត្ថកិច្ចក្រសួងមហាផ្ទៃ និងបានជូនយោបល់បង្វែរទៅស្ថាប័នមានសមត្ថកិច្ច»។
សម្ដេច បន្ថែមថា វឌ្ឍនភាពការងារនេះ អាចសម្រេចបាន ដោយសារកិច្ចខិតខំប្រឹងប្រែង និងការសហការគ្នាដ៏ល្អរវាងថ្នាក់ដឹកនាំ និងមន្ត្រីស្ថិតក្នុងដែនសមត្ថកិច្ចក្រសួងមហាផ្ទៃ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ និងក្រុមការងារគេហទំព័រហ្វេសប៊ុករបស់ សម្ដេច។
សម្ដេច ស ខេង បានគូសបញ្ជាក់ទៀតថា «ខ្ញុំសូមថ្លែងអំណរគុណបងប្អូនជនរួមជាតិដែលបានលើកជាមតិយោបល់ និងសំណូមពរនានាមកកាន់រូបខ្ញុំ តាមរយៈទំព័រហ្វេសប៊ុក ដើម្បីយើងរួមគ្នាដោះស្រាយបញ្ហានានាក្រៅប្រព័ន្ធតុលាការ ជួយសម្រួលជីវភាពរស់នៅរបស់បងប្អូន និងរួមគ្នាអភិវឌ្ឍន៍សង្គមជាតិយើង»។
លើសពីនេះ សម្ដេច ក៏សូមយកឱកាសនេះ ស្នើសុំការយោគយល់អធ្យាស្រ័យពីបងប្អូនជនរួមជាតិ ចំពោះករណីមួយចំនួនទៀតដែលក្រុមការងារ និងភាគីពាក់ព័ន្ធនៅមិនទាន់បានដោះស្រាយចប់សព្វគ្រប់ អាស្រ័យលើករណីខ្លះទាមទារពេលវេលា និងអនុវត្តទៅតាមនីតិវិធី។ ជាមួយគ្នានេះ ថ្នាក់ដឹកនាំអគ្គនាយកដ្ឋាន នាយកដ្ឋានចំណុះ រួមទាំងរដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវធានាថារាល់បញ្ហាប្រជាពលរដ្ឋក្នុងដែនសមត្ថកិច្ចឬមូលដ្ឋានរបស់ខ្លួន មិនត្រូវគិតថាតូចឬធំនោះទេ ត្រូវយកចិត្តទុកដាក់ប្រមូល ទទួល និងរួមគ្នាដោះស្រាយឱ្យអស់ពីលទ្ធភាព។
សម្ដេច ឧបនាយករដ្ឋមន្ដ្រី លើកឡើងថា រាល់បញ្ហាដែលក្ដាប់បាន ឬទទួលបានពីប្រជាពលរដ្ឋ និងទទួលបានពីថ្នាក់លើដែលនៅសេសសល់ គប្បីខិតខំពន្លឿនការដោះស្រាយ ហើយត្រូវប្រាកដថាការដោះស្រាយនោះមានភាពគ្រប់ជ្រុងជ្រោយ ចំបញ្ហា និងចប់ចុងចប់ដើមប្រកបដោយយុត្តិធម៌ ដោយមិនគ្រាន់តែធ្វើជាលិខិតស្នាមបញ្ជា និងបញ្ជូនតាមបែបបទរដ្ឋបាលនោះឡើយ៕
អត្ថបទទាក់ទង
-
ករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ នៅម្ដុំផ្សារដេប៉ូ សង្កាត់ផ្សារដេប៉ូ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ហើយ ក្នុងទីតាំងកើតហេតុនេះ ក៏មានមនុស្សជាប់នៅក្នុងផ្ទះនោះផងដែរ