រដ្ឋមន្ត្រីការបរទេសអាមេរិក ៖ ចិនកំពុងពិចារណាផ្តល់អាវុធ និងគ្រាប់រំសេវដល់រុស្ស៊ី សម្រាប់សង្គ្រាមអ៊ុយក្រែន
1 ឆ្នាំ មុន
(បរទេស)៖បើតាមការលើកឡើងរបស់រដ្ឋមន្ត្រីការបរទេសអាមេរិក លោក អេនតូនី ប្លីងកេន (Antony Blinken) បានបញ្ជាក់ថា ប្រទេសចិន កំពុងពិចារណាផ្តល់អាវុធ និងគ្រាប់រំសេវដល់រុស្ស៊ី សម្រាប់សង្គ្រាមអ៊ុយក្រែន ។នេះបើតាមសេចក្តីរាយការណ៍ដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣។
ទោះបីជាយ៉ាងណាប្រទេសចិន បានបដិសេធរបាយការណ៍ ដែលថាទីក្រុងម៉ូស្គូបានស្នើសុំសម្ភារៈយោធា។ គួរបញ្ជាក់ថា ប្រធានាធិបតីចិនលោក ស៊ី ជិនពីង (Xi Jinping) គឺជាសម្ព័ន្ធមិត្តរបស់ប្រធានាធិបតីរុស្ស៊ីលោក វ្លាឌីមៀរ ពូទីន។ មកដល់ពេលនេះ មិនទាន់មានការថ្កោលទោសចំពោះការឈ្លានពានរបស់រុស្ស៊ីនៅឡើយទេ ប៉ុន្តែលោកបានព្យាយាមរក្សាភាពអព្យាក្រឹតក្នុងជម្លោះ និងបានអំពាវនាវឱ្យមានសន្តិភាព។
គួរបញ្ជាក់ថា ក្រសួងការបរទេសចិន បាននិយាយថា ខ្លួននឹងមិនទទួល យក "ការចង្អុល ឬការបង្ខិតបង្ខំ" ពីសហរដ្ឋអាមេរិកជុំវិញទំនាក់ទំនងរបស់ខ្លួនជាមួយរុស្ស៊ីនោះទេ។ ដោយឡែក លោក ប្លីងកេន រដ្ឋមន្ត្រីការបរទេសអាមេរិក បានជួបអ្នកការទូតកំពូលរបស់ប្រទេសចិនគឺលោក ហ្វាង យី កាលពីថ្ងៃសៅរ៍ នៅឯសន្និសីទសន្តិសុខទីក្រុង មុយនិច ដោយលោក បានសម្តែង "ការព្រួយបារម្ភយ៉ាងខ្លាំង" អំពី "លទ្ធភាពដែលប្រទេសចិននឹងផ្តល់ការគាំទ្រសម្ភារៈដ៍សាហាវដល់ប្រទេសរុស្ស៊ី។ លោក ប្លីងកេន បានប្រាប់ CBS ថា " ប្រសិនបើប្រទេសចិនផ្តល់អាវុធដល់រុស្ស៊ី នោះវានឹងបង្កឱ្យមាន "បញ្ហាធ្ងន់ធ្ងរនៅក្នុងទំនាក់ទំនងរបស់ប្រទេសទាំងពីរ ដែលពេលថ្មីៗនេះទំនាក់ទំនងរវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងប៉េកាំង មានភាពអន់ខ្សោយរួចទៅហើយ៕