ភ្នំពេញ ៖ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានឲ្យដឹងថា ការតែងតាំងមុខតំណែង និងដំឡើងឋានន្តរស័ក្តិលោកវរសេនីយ៍ត្រី ឡេង ច័ន្ទវិចិត្រ គឺអនុវត្តយ៉ាងត្រឹមត្រូវតាមបញ្ញត្តិទាំងឡាយ នៃព្រះរាជក្រឹត្យ ស្តីពីលក្ខន្តិកៈដោយឡែក នៃក្របខ័ណ្ឌមន្ដ្រីនគរបាលជាតិកម្ពុជា។

អ្នកនាំពាក្យក្រសួងមហាផ្ទៃ លើកឡើងបែបនេះបន្ទាប់ពីមានសារព័ត៌មានអនឡាញមួយចំនួនបានផ្សាយតៗគ្នាថា «មន្ត្រីប៉ូលីសអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ ម្នាក់ចូលធ្វើប៉ូលីសបាន ៣ឆ្នាំឡើងស័ក្តិបួន និងជា នាយរងការិយាល័យ»។

យោងតាមសេចក្ដីបំភ្លឺព័ត៌មានរបស់ក្រសួងមហាផ្ទៃ នាថ្ងៃទី២១ កញ្ញានេះ ថា  ដើម្បីចែករំលែកអំពីនីតិវិធីតែងតាំងមុខតំណែង និងដំឡើងឋានន្តរស័ក្តិ ជាពិសេស ដើម្បីបញ្ចៀសការភាន់ច្រឡំ ក្នុងចំណោមសាធារណមតិ អ្នកនាំពាក្យក្រសួងមហាផ្ទៃ សូមបំភ្លឺជូនថា «ការតែងតាំងមុខតំណែង និងដំឡើងឋានន្តរស័ក្តិ លោកវរសេនីយ៍ត្រី ឡេង ច័ន្ទវិចិត្រ គឺអនុវត្តយ៉ាងត្រឹមត្រូវតាមបញ្ញត្តិទាំងឡាយ នៃព្រះរាជក្រឹត្យ ស្តីពីលក្ខន្តិកៈដោយឡែក នៃក្របខ័ណ្ឌមន្ដ្រីនគរបាលជាតិកម្ពុជា»។

អ្នកនាំពាក្យបន្ថែមថា ក្រសួងមហាផ្ទៃ ក្រោមការដឹកនាំរបស់ អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ កំពុងរួមគ្នាជាធ្លុងមួយក្នុងចំណោមថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ ពួតដៃ ធ្វើកំណែទម្រង់ចាប់ពីពេលនេះតទៅមុខ ដើម្បីប្រសិទ្ធភាព ប្រសិទ្ធផល និងស័ក្ដិសិទ្ធិភាព ជាឧត្តម ប្រយោជន៍ដល់ប្រជាពលរដ្ឋ និងប្រទេសជាតិ តាមមាគ៌ា«កំណែទម្រង់ដើម្បីទាំងអស់គ្នា ទាំងអស់គ្នា ដើម្បីកំណែទម្រង់» របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ដែលបានប្រកាសដាក់ចេញនូវ «យុទ្ធសាស្ត្របញ្ចកោណ» ដំណាក់កាលទី១៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ