សម្តេចធិបតី ហ៊ុន ម៉ាណែត អំពាវនាវដល់ប្រជាជនខ្មែរ ត្រូវទប់ស្កាត់រាល់សកម្មភាព ដែលបង្កភាពវឹកវរបង្កើតសង្គ្រាម
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអំពាវនាវដល់ប្រជាជនខ្មែរ ត្រូវសាមគ្គីគ្នាថែរក្សា ទប់ស្កាត់រាល់សកម្មភាព ដែលបង្កភាពវឹកវរបង្កើតសង្គ្រាម ដើម្បីភាពរីកចម្រើនរុងរឿងប្រទេសជាតិ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានអំពាវនាវបែបនេះ នាឱកាសអញ្ជើញជាអធិបតី ក្នុងពិធីអបអរសាទរ «រមណីយដ្ឋានប្រាសាទកោះកេរ ត្រូវបានដាក់បញ្ចូល ជាសម្បត្តិបេតិកភណ្ឌពិភពលោក» នៅពហុកីឡដ្ឋានជាតិអូឡាំពិក។
ក្នុងឱកាសនោះ សម្តេចធិបតី ក៏បានកោតសរសើរក្រសួងវប្បធម៌ និងភាគីពាក់ព័ន្ធ ដែលបានខិតខំរហូតធ្វើឱ្យប្រាសាទកោះកេរ ក្លាយជាសម្បត្តិបេតិកភណ្ឌពិភពលោក ផងដែរ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់យ៉ាងដូច្នេះថា «(សូម) រក្សាការពារឲ្យបានគង់វង្សជារៀងរហូតក្រោមម្លប់នៃសន្តិភាព ដែលជាប្រជាជាតិ និងប្រជាជនខ្មែរគ្រប់ស្រទាប់ ត្រូវសាមគ្គីគ្នាថែរក្សា ទប់ស្កាត់រាល់សកម្មភាព ដែលបង្កភាពវឹកវរបង្កើតសង្គ្រាម ដើម្បីភាពរីកចម្រើនរុងរឿងប្រទេសជាតិយើង ទាំងបច្ចុប្បន្ន និងអនាគត»។
សម្តេចធិបតី ក៏បានអរគុណ និងកោតសរសើរ ព្រមទាំងវាយតម្លៃខ្ពស់ចំពោះបងប្អូនជនរួមជាតិទាំងអស់ ទាំងព្រះសង្ឃ ទាំងគ្រហស្ថ សិស្សនិស្សិត ក៏ដូចជាបណ្តាបក្សនយោបាយ សង្គមស៊ីវិល ដែលបានចូលរួមអបអរយ៉ាងសកម្ម ទូទាំងប្រទេស ពីព្រឹកមិញ តាមគ្រឹះស្ថានសិក្សា ស្ថាប័នរដ្ឋ និងឯកជន បានរួមគ្នាវាយគង ទូងស្គរ ទាំងប៉ោង និងរគាំង ដើម្បីអបអរសាទរ រមណីយដ្ឋានប្រាសាទកោះកេរ ត្រូវបានដាក់បញ្ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោក៕EB
អត្ថបទទាក់ទង
-
ករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ នៅម្ដុំផ្សារដេប៉ូ សង្កាត់ផ្សារដេប៉ូ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ហើយ ក្នុងទីតាំងកើតហេតុនេះ ក៏មានមនុស្សជាប់នៅក្នុងផ្ទះនោះផងដែរ