គំនិតគួរយល់ដឹង៖ជនជាតិជប៉ុនត្រូវបានពិភពលោកស្គាល់ថា ជាពូជសាសន៍មួយដែលប្រកបដោយវិន័យខ្ពស់ ទាំងការរស់នៅនិងការបំពេញការងារ តួយ៉ាងសុទ្ធសឹងតែត្រូវបានយកជាគំរូសម្រាប់ប្រទេសដទៃទៀត ។

តើជនជាតិជប៉ុនមានវប្បធម៌នៃការធ្វើការបែបណាខ្លះ ទើបបានជាពិភពលោកមានការស្ងើចសសើរនិង ឱ្យតម្លៃខ្ពស់យ៉ាងដូច្នេះ?

១, ជប៉ុនប្រកាន់ខ្ជាប់នូវសម្រេចចិត្តជាឯកច្ឆន្ទ 

ការសម្រេចចិត្តបែបឯកច្ឆន្ទ គឺជាវប្បធម៌ធ្វើការមួយរបស់ជនជាតិជប៉ុន ទាំងក្នុងការគ្រប់គ្រងអាជីវកម្ម ស្ថាប័ននានា និងជួររដ្ឋាភិបាល។ មុននឹងឈានដល់ការសម្រេចចិត្ត ពួកគេតែងស្នើឲ្យមានការចូលរួមបញ្ចេញមតិពីសំណាក់ថ្នាក់ដឹកនាំសំខាន់ៗក្នុងស្ថាប័ន ទាំងមតិស្រប និងបដិសេធ ដើម្បីធ្វើការថ្លឹងថ្លែងពីភាពវិជ្ជមាន និងអវិជ្ជមាន នៅពីក្រោយការសម្រេចចិត្ត។ 

២- ផ្តោតការយកចិត្តទុកដាក់លើឫសគល់បញ្ហាជាចម្បង

 

ភាពខុសគ្នាស្រឡះរវាងប្រទេសលោកខាងលិច និងជប៉ុន ក្នុងពេលដែលពួកគេត្រូវធ្វើការសម្រេចចិត្ត។ ពោលគឺ នៅពេលជួបបញ្ហាធំៗ និងដើម្បីឈានទៅធ្វើការសម្រេចចិត្តប្រកបដោយគតិបណ្ឌិត នៅប្រទេសលោកខាងលិចនិយមសង្កត់ធ្ងន់ទៅលើការស្វែងរកចម្លើយសម្រាប់សំណួរ មានន័យថា គិតទៅលើដំណោះស្រាយជាចម្បង។ ប៉ុន្ដែ ក្នុងការសម្រេចចិត្តប្រកបដោយគតិបណ្ឌិតរបស់ជនជាតិជប៉ុន គឺដឹងពីសំណួរឲ្យបានច្បាស់សិន ពោលគឺស្គាល់ពី ឫសគល់នៃបញ្ហា ហើយជំហានបន្ទាប់ដែលសំខាន់ និងចាំបាច់បំផុតនោះគឺ ការសម្រេចចិត្ត ដែលត្រឹមត្រូវ និងប្រកបដោយសុក្រិតភាព ដោយប្រើប្រាស់នូវវិធីសាស្ត្រមូលមតិជាឯកច្ឆន្ទ ។

 

៣, សុវត្ថិភាព និងផលិតផលភាពការងារ

ជីវិតការងាររបស់ជប៉ុនវិញគឺការយកចិត្តទុកដាក់ខ្ពស់សម្រាប់សុវត្ថិភាព និងផលិតផលភាពការងាររបស់បុគ្គលិកលើសពីក្រុមហ៊ុននានានៅបណ្ដាប្រទេសមួយចំនួន។ តួយ៉ាង ដើម្បីឱ្យប្រាកដថា បុគ្គលិកទាំងអស់មានការវិវឌ្ឍខ្លួនទៅតាមភាពទំនើបកម្ម ក្រុមហ៊ុនជប៉ុនបានធានាលើសុវត្ថិភាពការងារនៅពេលដែលបុគ្គលិកនោះក្លាយជាបុគ្គលិកពេញសិទ្ធិរបស់ក្រុមហ៊ុន។ ជាក់ស្ដែង នៅអំឡុងពេលធ្វើការរបស់ពួកគេ ទោះបីជាមានវិបត្តិសេដ្ឋកិច្ចកើតឡើង ឬក្រុមហ៊ុនត្រូវក្ស័យធនក៏ដោយ ក៏ពួកគេត្រូវទទួលបានការធានាទំនុកបម្រុងដែរ។

ក្នុងនោះ ត្រូវបំពេញឲ្យបាននូវអ្វីដែលជាតម្រូវការរបស់បុគ្គលិក៖ ការគ្រប់គ្រងបែបជប៉ុន គឺដឹងច្បាស់ពីតម្រូវការចាំបាច់របស់បុគ្គលិក តួយ៉ាងដឹងពីអ្វីជាផលវិបាក និងផ្ដល់នូវដំណោះស្រាយសម្រាប់បុគ្គលិកទាន់ពេលវេលា ហើយអ្វីដែលក្រុមហ៊ុនបានសន្យាជាមួយបុគ្គលិក គឺថ្នាក់ដឹកនាំរមែងតែងសម្រេចបានដល់គោលដៅជានិច្ច។

-មានឆន្ទៈដើម្បីការផ្លាស់ប្តូរ៖ “បន្តការរៀនសូត្រជានិច្ច” គឺជាទ្រឹស្ដីមួយដែលក្រុមហ៊ុនជប៉ុនជាច្រើនតែងប្រើប្រាស់ដើម្បីបញ្ជ្រាបទៅកាន់បុគ្គលិកគ្រប់លំដាប់ថ្នាក់ការសិក្សា គឺធ្វើឡើងជាទៀងទាត់ ចាប់តាំងពីបុគ្គលិកចូលបម្រើការ រហូតដល់អាយុចូលនិវត្តន៍។ 

៤, ថែរក្សា និងបណ្ដុះមនុស្សជំនាន់ក្រោយ

ភាគច្រើននៅក្នុងបរិបថការងារនៃការធ្វើការងាររបស់ជប៉ុន ហាក់ឲ្យតម្លៃលើឱកាស និងស្នាដៃរបស់យុវជន។ ពួកគេជឿថា មនុស្សវ័យក្មេងមានគំនិតថ្មីៗច្រើន ក្នុងការអភិវឌ្ឍ និងដឹកនាំទៅរកភាពរុងរឿង តួយ៉ាង អ្នកដែលមានអាយុល្បាក់៣០ឆ្នាំ គឺមានឱកាសអាចក្លាយជាអ្នកដឹកនាំកំពូលក្នុងស្ថាប័នបាន តែទាមទារឲ្យគាត់មានការដកពិសោធន៍ និងអភវិឌ្ឍជំនាញរបស់ខ្លួនដែលចាំបាច់បន្ថែម តាមរយៈការផ្ដល់ឱកាសក្នុងការសាកល្បងដឹកនាំពីអ្នកដឹកនាំកំពូល។ជាមួយគ្នានេះ ប្រព័ន្ធអប់រំរបស់ជប៉ុន គឺបានផ្សាភ្ជាប់ជាមួយនឹងវិស័យការងារក្នុងប្រទេសរួចជាស្រេច ពោលគឺយុវជនវ័យក្មេងអាចមានឱកាសបានចូលបម្រើការងារក្នុងក្រុមហ៊ុននានាដោយផ្ទាល់ ខណៈដែលពួកគេកំពុងសិក្សានៅតាមសាកលវិទ្យាល័យនៅឡើយ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ