(បរទេស)៖ ប៉ូលីសប៊ុលហ្គារី បានធ្វើការចាប់ខ្លួនមនុស្សចំនួន៤ នាក់ បន្ទាប់ពីមនុស្ស ១៨នាក់រួមទាំងកុមារម្នាក់ត្រូវបានគេរកឃើញថា បានស្លាប់នៅក្នុងឡាន គេបោះបង់ ចោល ក្នុងប្រទេសប៊ុលហ្គារី។នេះបើតាមសេចក្តីរាយការណ៍ដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៣។
រដ្ឋមន្ត្រីសុខាភិបាលបាននិយាយថា មនុស្ស ៣៤ នាក់ រួមទាំងកុមារ ៥ នាក់ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ ហើយខ្លះទៀតស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។ លោកបានពិពណ៌នាបន្ថែមអំពីសភាពនៅក្នុងឡានដឹកទំនិញថា ខ្វះខាតអុកស៊ីសែនដោយសារត្រូវគេចាក់សោរ នៅក្នុងឡាន និងមិនបានញ៉ាំច្រើនថ្ងៃមកហើយ"។
ហេតុការណ៍នេះ ត្រូវបានគេជឿថា ជាឧប្បត្តិហេតុដ៏សាហាវបំផុត ដែលពាក់ព័ន្ធនឹងជនចំណាកស្រុកក្នុងប្រទេសប៊ុលហ្គារី។ ប៉ូលីសបាននិយាយថា រថយន្តដឹកទំនិញ ដែលត្រូវបានរកឃើញនៅជិតភូមិ ឡូកូស្កូ (Lokorsko) ចម្ងាយ ២០ គីឡូម៉ែត្រ ភាគឦសាននៃរដ្ឋធានី សូហ្វៀ (Sofia) របស់ប្រទេសប៊ុលហ្គារី បានដឹកជញ្ជូនជនចំណាកស្រុកដោយខុសច្បាប់។ កន្លែងលាក់ខ្លួនរបស់ជនចំណាកស្រុក ក្នុងរថយន្តនោះអាចនឹងគ្មានខ្យល់ បណ្តាលអោយពួកគេថប់ដង្ហើម។ មន្ត្រីប៉ូលិសជាន់ខ្ពស់បានប្រាប់រ៉យទ័រថា មនុស្សម្នាក់ក្នុងចំណោមមនុស្សបួននាក់ ដែលត្រូវបានចាប់ខ្លួនត្រូវបានកាត់ទោសរួច ហើយពីបទជួញដូរមនុស្ស៕