(អាមេរិក)៖ បុរសជាខ្មាន់កាំភ្លើងម្នាក់ បានធ្វើសកម្មភាពបាញ់ប្រហារនៅទីតាំងសរុបចំនួន៣កន្លែង ក្នុងក្រុងតូចមួយនៃរដ្ឋមីស៉ីស៉ីពី របស់សហរដ្ឋអាមេរិក ដោយបានផ្តាច់ជីវិតមនុស្សសរុប៦នាក់ ដោយក្នុងនោះ រួមមាន អតីតប្រពន្ធរបស់ខ្លួន ព្រមទាំងមនុស្ស៥នាក់ផ្សេងទៀត។នេះបើតាមសេចក្តីរាយការណ៍របស់ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី១៨ ខែកុម្ភៈ ឆ្នាំ២០២៣នេះ។

បើតាមការបញ្ជាក់របស់ប៉ូលិសប្រចាំតំបន់បាននិយាយថា ខ្មាន់កាំភ្លើងមានឈ្មោះ រីឆាដ ដេល ក្រាំ អាយុ៥១ឆ្នាំ ត្រូវបានចោទប្រកាន់ពីបទឃាតកម្មកម្រិតទី១។ ដោយក្នុងនោះ ក្រុមអ្នកស៉ើបអង្កេតមិនទាន់អាចកំណត់ អំពីចេតនានៅពីក្រោយការបាញ់ប្រហារនេះនៅឡើយទេ ប៉ុន្តែពួកគេនឹងចាប់ផ្តើមពិនិត្យទៅលើទំនាក់ទំនង របស់ជនសង្ស័យជាមួយនឹងអតីតប្រពន្ធរបស់ខ្លួន។

សូមបញ្ជាក់ថា ប៉ូលិសទទួលបានសេចក្តីរាយការណ៍ដំបូង អំពីការបាញ់ប្រហារកើតឡើងក្នុងម៉ាតនៃកន្លែងចាក់សាំងមួយកន្លែង ហើយមុនពេលពួកគេអាចទៅដល់ទីនោះ ក៏ទទួលបានសេចក្តីរាយការណ៍មួយទៀត អំពីករណីបាញ់ប្រហារទីពីរ នៅផ្ទះមួយក្បែរកន្លែងកើតហេតុដំបូង។ បុរសម្នាក់ត្រូវបានបាញ់សម្លាប់នៅក្នុងម៉ាត ខណៈស្រ្តីម្នាក់ដែលជាអតីតប្រពន្ធរបស់ជនសង្ស័យ ត្រូវបានរកឃើញស្លាប់នៅក្នុងផ្ទះ។ ក្រុមមន្រ្តីប៉ូលិសបានតាមរកជនសង្ស័យ ទៅដល់ផ្លូវមុខផ្ទះមួយផ្សេងទៀត ហើយចាប់ខ្លួនជននោះដោយពុំមានការរើបម្រះប្រឆាំងអ្វីឡើយ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ