(សៀមរាប)៖យោងតាមរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តសៀមរាប បានឱ្យដឹងថា សម្រាប់រយៈពេល០៣ថ្ងៃ នៃព្រឹត្តិការណ៍អង្គរសង្ក្រាន្តពីថ្ងៃទី១៤-១៦ ខែ មេសា ឆ្នាំ២០២៣ មានភ្ញៀវទេសចរជាតិ-ភ្ញៀវទេសចរបរទេស និងប្អូនប្រជាពលរដ្ឋដើរកម្សាន្តមានចំនួនប្រមាណ ២ ១២០ ៣៧៣នាក់ ក្នុងនោះ ភ្ញៀវទេសចរជាតិ និងបងប្អូនប្រជាពលរដ្ឋ មានចំនួនប្រមាណ ២ ១០៧០០០នាក់ ដែលក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្តក្នុងតំបន់អង្គរ និងក្នុងក្រុងសៀមរាបមានចំនួនប្រមាណ ១ ៧៥០០០០នាក់, រមណីយដ្ឋានឧទ្យានជាតិភ្នំគូលែន មានចំនួនប្រមាណ ៣៨ ០០០នាក់, តំបន់ទន្លេសាបមានចំនួនប្រមាណ ២៤ ០០០នាក់, សហគមន៍ទេសចរណ៍ និងតំបន់រមណីយដ្ឋានផ្សេងៗមានចំនួនប្រមាណ ២៩៥ ០០០នាក់, ភ្ញៀវទេសចរបរទេសផ្ទៃក្នុង មានចំនួន ១៣ ៣៧៣នាក់ ។ 

សម្រាប់ព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំនេះ ក្រៅពីវប្បធម៌ អ្វីដែលកាន់តែពិសេសនោះ គឺការការបំបែកឯតទគ្គកម្មពិភពលោកចំនួន២ គឺការបំបែកឯតទគ្គកម្ម នៃការបត់បេះដូង ដែលមានរហូតដល់ ៣ ៩១៧ ៨០៥បេះដូង, ការបំបែកកំណត់ត្រារាំម៉ាឌីហ្សុនប្រមាណ ៤ ៩៩៩នាក់ ។ 

គួររំលឹកថា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍ថា ព្រឹត្តិការណ៍អង្គរសង្ក្រាន្ត គឺជាព្រឹត្តិការណ៍បំផុសការ ស្រឡាញ់សម្បត្តិវប្បធម៌ ដ៏មានអត្ថន័យ។ ព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ជាការជួបគ្នារវាងវប្បធម៌រូបី និងអរូបី។ ព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ក្រៅតែពីការជួបគ្នារវាងមនុស្ស ជាមួយវប្បធម៌រូបី និងអរូបីហើយនោះ ព្រឹត្តិការណ៍នេះ ធ្វើឱ្យមានជំនួបបេះដូងរវាងបុរស និងស្រីផងដែរ។ 

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ទៀតថា ប្រជាពលរដ្ឋកម្ពុជា កំពុងតែសប្បាយរីករាយនឹងបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ។ សម្តេចតេជោនាយករដ្ឋមន្រ្ដីបានថ្លែង កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចប្រឹងប្រែង របស់សហភាពសហព័ន្ធយុវជនកម្ពុជា ក្នុងការរៀបចំព្រឹត្តិការ ណ៍អង្គរសង្ក្រាន្តនេះឡើង។ ព្រមទាំងបានបង្ហាញ ពីកត្តាសន្តិភាព ដែលគ្របដណ្ដប់ប្រទេសរបស់យើង បានផ្ដល់ឱកាសសប្បាយរីករាយ សម្រាប់ប្រជាពលរដ្ឋ អាចធ្វើអ្វីទៅតាមបំណងរបស់ខ្លួន ដោយស្របតាមច្បាប់។ បង្ហាញពីភាពជោគជ័យលើកូវីដ-១៩ ដែលពុំមានការឆ្លងធ្ងន់ធ្ងរផងដែរ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ