(បរទេស)៖ យ៉ាងហោចណាស់មានជនចំណាកស្រុកចំនួន ៧៣នាក់ បានបាត់ខ្លួន និងសន្មត់ថាបានស្លាប់ បន្ទាប់ពីទូករបស់ពួកគេបានលិចនៅឆ្នេរសមុទ្រលីប៊ី ។នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មានBBC នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣។

បើយោងតាមអង្គការអន្តរជាតិសម្រាប់ការធ្វើចំណាកស្រុក (IOM) របស់អង្គការសហប្រជាជាតិ បានបញ្ជាក់ថា មានមនុស្សតែ ៧នាក់ប៉ុណ្ណោះ ដែលនៅរស់រានមាន ជីវិតពីការលិចកប៉ាល់ កាលពីថ្ងៃអង្គារ ប៉ុន្តែស្ថិតក្នុង "ស្ថានភាពធ្ងន់ធ្ងរបំផុត" នៅក្នុងមន្ទីរពេទ្យ។

មកទល់ពេលនេះ សាកសពចំនួន ១១ នាក់ត្រូវបានរកឃើញដោយអឌ្ឍចន្ទក្រហមលីប៊ី និងប៉ូលីស។ IOM បានបន្ថែមថា ការស្លាប់ច្រើនជាង១,៤៥០នាក់ ត្រូវបានកត់ត្រាដោយគម្រោង មីសស៊ីង មីក្រេន ប្រូជេក ( Missing Migrants Project) របស់ខ្លួនកាលពីឆ្នាំមុន។

ដោយឡែក លោកស្រី Safa Msehli អ្នកនាំពាក្យនៃក្រុមនេះ បាននិយាយថា ការខិតខំប្រឹងប្រែងបន្ថែមទៀតគឺត្រូវការជាចាំបាច់ដើម្បី "បង្កើនសមត្ថភាពស្វែងរក និងជួយសង្គ្រោះ បង្កើតយន្តការចុះចត ប្រកបដោយសុវត្ថិ ភាព និងច្បាស់លាស់ ព្រមទាំងផ្លូវសុវត្ថិភាព និងទៀងទាត់ទៅកាន់ការធ្វើចំណាកស្រុក ដើម្បីកាត់បន្ថយការធ្វើដំណើរដ៏គ្រោះថ្នាក់"៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ