រកឃើញ និងដកហូតជែលលាងដៃខូចគុណភាព១០០លីត្រត្រូវបានមន្ត្រីជំនាញដកហូតនៅរាធានីភ្នំពេញ
នៅ ទី០៧ ខែឧសភា ឆ្នាំ២០២០ នេះមន្ត្រីនៃអគ្គនាយកដ្ឋានការពារ អ្នកប្រើ ប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ ដោយមានការសហការពីមន្រ្តីមន្ទីរពាណិជ្ជកម្ម និងអាជ្ញាធរដែនដី បានបន្តយុទ្ធនាការចុះត្រួតពិនិត្យ គុណភាពជែលលាងដៃ ដោយផ្អែកតាមការអនុវត្តន៍ការងារ Market Intelligence ស្ថិតនៅសង្កាត់អូរឡាំពិក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។
គោលបំណងនៃការចុះប្រតិបត្តិការ គឺដោយសង្កេតឃើញថា ក្នុងពេលថ្មីៗ នេះ មានម្ចាស់ជែលលាងដៃឆ្លៀតឱកាស ដាក់លក់ជែលលាងដៃក្លែងក្លាយ គ្មានប្រភពផលិតច្បាស់លាស់ មិនគិតពីផលប៉ះពាល់ដល់អ្នកប្រើប្រាស់ ស្របពេលដែលប្រទេសកម្ពុជា ក៏ដូចជាបណ្តាប្រទេសលើពិភពលោកកំពុងជួបប្រទះគ្រោះនៃការរីករាលដាល នៃវីរុស COVID-19 ។ ជាលទ្ធផល មន្រ្តីជំនាញ បានរកឃើញជែលលាងដៃដែលខូចគុណភាពសរុបចំនួន ៤១៦ ដប ស្មើនឹង ១០០ លីត្រ។
ក្នុងឱកាសនោះដែរ មន្រ្ទីជំនាញបានសំណូមពរ ដល់អាជីវករ សូមមេត្តាកុំឆ្លៀតឱកាសលក់ផលិតផលជែលលាងដៃខូចគុណភាពបន្តទៀត និងសូមអំពាវនាវ ដល់ប្រជាពលរដ្ឋ កុំទិញផលិតផល អាល់កុលណា ដែលគ្មានស្លាកសញ្ញា និងប្រភពច្បាស់លាស់ ដើម្បីជៀសវាងការទិញផលិតផលក្លែងក្លាយ ឬគ្មានគុណភាព យកមកប្រើប្រាស់ ដែលនាំឱ្យប៉ះពាល់ដល់សុខភាព និងអាយុជីវិត៕SP