(អឺរ៉ុប)៖ ប្រជាជនអឺរ៉ុបជាច្រើនសម្រុកកាប់ឈើយកមកធ្វើអុសដើម្បីដុតកម្ដៅខ្លួន បន្ទាប់ពីរដូវរងារបានចូលមកដល់ ហើយបង្កជាស្ថានភាពត្រជាក់ខ្លាំង ។ដោយឡែក ពលរដ្ឋនៅប្រទេសអាល្លឺម៉ង់ ជាអ្នកលក់អុសកំពុងប្រឈមនឹងតម្រូវការផ្គត់ផ្គង់មិនធ្លាប់មាន ខណៈមានការបារម្ភថា ព្រៃឈើរបស់ពួកគេអាចនឹងត្រូវលួចកាប់ ដើម្បីយកធ្វើអុសលក់ ។នេះបើតាមសេចក្តីរាយការណ៍ដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣។ 

គួរបញ្ជាក់ថា បញ្ហានេះគឺបង្កពីផលលំបាកនៃសង្គ្រាមលុកលុយរបស់រុស្ស៊ីមកលើអ៊ុយក្រែនដែលអូសបន្លាយពេលជិត ១ ឆ្នាំមកហើយ បានធ្វើឲ្យតម្លៃថាមពលមានការកើនឡើងយ៉ាងខ្លាំង ជាពិសេសនៅក្នុងរដូវរងានេះ ។ ពាក់ព័ន្ធនឹងបញ្ហានេះដែរ អង្គការក្រៅរដ្ឋាភិបាលបានព្រមានថា តម្រូវការអុសកាន់តែច្រើននឹងនាំឲ្យមានការកើនឡើងនៃការកាប់ឈើខុសច្បាប់ និងធ្វើឲ្យការការពារព្រៃឈើប្រឈមនឹងហានិភ័យផងដែរ ។

របាយការណ៍បាននិយាយទៀតថា តម្រូវការឈើនៅឆ្នាំ ២០២២ វិញមានការកើនឡើងលើសពីឆ្នាំ ២០២១ ចំនួន ១.២ លានតោន ។លោក Martin Pigeon អ្នកធ្វើយុទ្ធនាការការពារព្រៃឈើនៅអង្គការ Fern និយាយថា “មនុស្សនឹងកាប់ឈើរាប់លានតោនយកធ្វើអុសដុតនៅរដូវរងានេះ ហើយវិធីដោះស្រាយនោះគឺការណែនាំឲ្យមានថាមពលកកើតឡើងវិញ (RED) ដែលជាផ្នែកមួយនៃច្បាប់របស់អឺរ៉ុប” ។

បើយោងតាមរបាយការណ៍របស់ក្រសួងកសិកម្មអាមេរិក (USDA) បានឲ្យដឹងថា ក្នុងឆ្នាំ ២០២១ ពោលមុនសង្គ្រាមលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែន, សហភាពអឺរ៉ុបបានប្រើប្រាស់ឈើចំនួន ២៣.១ លានតោន ដែលភាគច្រើនឈើទាំងនោះយកទៅសាងសង់ផ្ទះនៅក្នុងប្រទេសអាល្លឺម៉ង់ ក៏ដូចជាយកទៅដុតជាមួយធ្យូងថ្មនៅក្នុងរោងចក្រថាមពល ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ