(រុស្ស៊ី)៖ ក្រសួងការពារជាតិរុស្ស៊ី បាននិយាយក្នុងសេចក្តីថ្លែងការណ៍ ថា ប្រមុខអគ្គសេនាធិការរុស្ស៊ី លោកឧត្តមសេនីយ៍ Valery Gerasimov ត្រូវបានតែងតាំងឲ្យដឹកនាំក្រុមកងកម្លាំងចម្រុះរបស់ទីក្រុងមូស្គូនៅក្នុងប្រទេសអ៊ុយក្រែន ជំនួសតំណែងឧត្តមសេនីយ៍ Sergey Surovikin ដែលត្រូវបានតែងតាំងជាអនុប្រធានវិញ។នេះបើតាមសេចក្តីរាយការណ៍ដោយទីភ្នាក់ងារសារព័ត៌មាន RT នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣។

ការផ្លាស់ប្តូរតំណែងនេះ ធ្វើឲ្យប្រសើរឡើងនូវការគាំទ្រផ្នែកភស្តុភារ និងប្រសិទ្ធភាពបញ្ជាសម្រាប់កងកម្លាំងរុស្ស៊ីនៅអ៊ុយក្រែន ស្របពេលដែលក្រសួងការពារជាតិនិយាយថា តម្រូវការ គឺត្រូវបង្កើនកម្រិតបញ្ជាការប្រតិបត្តិការ ដើម្បីផ្សារភ្ជាប់ទៅនឹងការកើនឡើងនៃបេសកកម្មប្រយុទ្ធ និងតម្រូវការសម្រាប់កិច្ចសម្របសម្រួលកាន់តែជិតស្និទ្ធរវាងសេវាកម្មផ្សេងៗ និងសាខានៃកងកម្លាំងប្រដាប់អាវុធ។

គួរជម្រាបថា លោក Gerasimov ត្រូវបានគេស្គាល់ថាជាមេបញ្ជាការយោធាកំពូលម្នាក់របស់រុស្ស៊ី និងជាអ្នកយុទ្ធសាស្ត្រដ៏ល្បីឈ្មោះ ដែលទទួលបានការគោរពពីមេបញ្ជាការកំពូលរបស់ទីក្រុង កៀវ គឺលោក Valery Zaluzhny។ កាលពីខែកញ្ញា លោក Zaluzhny បានប្រាប់កាសែត Time ថា គាត់បានរៀនសូត្រពីលោក Gerasimov។ក្រៅពីនេះ ឧត្តមសេនីយ៍ពីរនាក់ផ្សេងទៀត ក៏ត្រូវបានតែងតាំងជាអនុប្រធានរបស់លោក Gerasimov នៅក្នុងយុទ្ធនាការយោធាដែលកំពុងបន្តនៅអ៊ុយក្រែនផងដែរ។ម្នាក់ក្នុងចំណោមនោះគឺជាមេបញ្ជាការកងទ័ពជើងគោករុស្ស៊ី ឧត្តមសេនីយ៍ Oleg Salyukov ចំណែកម្នាក់ទៀតគឺវរសេនីយ៍ឯក Aleksey Kim៕

 

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ