ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អាមេរិក បង្ហាញថា ក្រុមគាំទ្រអ៊ុយក្រែន ជាអ្នកបំផ្លាញបំពង់បង្ហូរ ណត ស្រ្ទីម
1 ឆ្នាំ មុន
(បរទេស)៖ការស៊ើបការណ៍សម្ងាត់ថ្មី ដែលត្រូវបានត្រួតពិនិត្យដោយមន្ត្រីសហរដ្ឋអាមេរិក បានបង្ហាញថា ក្រុមគាំទ្រអ៊ុយក្រែនបានធ្វើការវាយប្រហារលើបំពង់បង្ហូរប្រេង ណត ស្រ្ទីម កាលពីឆ្នាំមុន។នេះបើតាមការចុះផ្សាយដោយ សារព័ត៌មាន New York Times កាលពីថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២៣។
កាសែតនេះបានរាយការណ៍ថា មិនមានភស្តុតាងណាមួយដែលថា ប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូឌីមែរ ហ្សេឡេនស្គី ឬឧត្តមសេនីយ របស់គាត់មានជាប់ពាក់ព័ន្ធក្នុងប្រតិបត្តិការនេះ ឬថា ជនល្មើសកំពុងធ្វើសកម្មភាពតាមការណែនាំ របស់មន្ត្រីរដ្ឋាភិបាលអ៊ុយក្រែននោះទេ។
គួរបញ្ជាក់ថា សហរដ្ឋអាមេរិក និងអង្គការណាតូ បានហៅការវាយប្រហារនៅខែកញ្ញា ឆ្នាំ២០២២ លើបំពង់បង្ហូរឧស្ម័នថាជា ទង្វើនៃការបំផ្លិចបំផ្លាញ ខណៈទីក្រុងម៉ូស្គូ បានស្តីបន្ទោសលោកខាងលិច និងបានអំពាវនាវឱ្យក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិធ្វើការស៊ើបអង្កេតដោយឯករាជ្យ ប៉ុន្តែ ភាគីទាំងសងខាងមិនបានផ្តល់ភស្តុតាងនោះឡើយ៕