(បរទេស)៖ លោក វ្ល៉ាឌីមៀ ពូទីន បានអនុម័តផ្គត់ផ្គង់មីស៊ីលដែលបានបាញ់ទម្លាក់យន្តហោះដឹកអ្នកដំណើរម៉ាឡេស៊ី MH17 លើប្រទេសអ៊ុយក្រែន កាលពីឆ្នាំ២០១៤ ដែលបានសម្លាប់មនុស្សជិត៣០០នាក់ នេះគឺជាការលើកឡើងរបស់ ក្រុមអ្នកស៊ើបអង្កេតអន្តរជាតិ តាមរយៈការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន CAN នៅថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៣ ។

ថ្លែងប្រាប់សន្និសីទសារព័ត៌មាននៅទីក្រុងឡាអេ លោកស្រី Digna van Boetzelaer ជាក្រុមអ្នកស៊ើបអង្កេតអន្តរជាតិ បាននិយាយថា« លោក ពូទីន អនុម័តឱ្យមានការផ្គត់ផ្គង់ប្រព័ន្ធមីស៊ីល Buk TELAR ក្នុងករណីបាញ់ទម្លាក់យន្តហោះ MH17 កាលពីឆ្នាំ២០១៤»។លោកស្រីបន្តថា «ទោះបីយ៉ាងណា យើងមិនទាន់មានភស្តុតាងពេញលេញនៅឡើយ»។

គួរជម្រាបថា ការប្រកាសនេះធ្វើឡើងបន្ទាប់ពីតុលាការហូឡង់បានផ្តន្ទាទោសជនជាតិរុស្ស៊ីពីរនាក់ និងអ៊ុយក្រែនម្នាក់ ដោយកំបាំងមុខ ជុំវិញការបាញ់ទម្លាក់យន្តហោះ MH17។ពាក់ព័ន្ធនឹងករណីនេះ រុស្ស៊ីបានបដិសេធជាប់ពាក់ព័ន្ធនឹងការបាញ់ទម្លាក់យន្តហោះ MH17 នេះ និងបានថ្កោលទោសសាលក្រមរបស់តុលាការហូឡង់កាលពីឆ្នាំមុន ដែលផ្ដន្ទាទោសមនុស្សទាំងបីនាក់ខាងលើថាជារឿងអាស្រូវ និងមានហេតុផលនយោបាយ។

គួររំលឹកថា យន្តហោះដឹកអ្នកដំណើរម៉ាឡេស៊ី MH17 ត្រូវបានបាញ់ទម្លាក់ដោយមីស៊ីលផលិតនៅរុស្ស៊ី កាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៤ នៅភាគខាងកើតប្រទេសអ៊ុយក្រែនដែលគ្រប់គ្រងដោយក្រុមផ្តាច់ខ្លួន ខណៈយន្តហោះនេះហោះហើរពីទីក្រុងអាមស្ទឺដាម ទៅកាន់ទីក្រុងគួឡាឡាំ និងបានសម្លាប់មនុស្សចំនួន២៩៨នាក់ ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ