រដ្ឋមន្ដ្រីក្រសួងព័ត៌មាន អំពាវនាវអ្នកប្រេីបណ្ដាញសង្គម កុំចែករំលែករូបភាពហិង្សា និងឃាតកម្ម ព្រោះបានប៉ះពាល់ផ្លូវចិត្តក្រុមគ្រួសារជនរងគ្រោះ
ភ្នំពេញ ៖ លោក នេត្រ ភក្ត្រា រដ្ឋមន្ដ្រីក្រសួងព័ត៌មាន បានអំពាវនាវអ្នកប្រេីបណ្ដាញសង្គម កុំចែករំលែករូបភាពភាពហិង្សា និងឃាតកម្ម ព្រោះបានប៉ះពាល់ផ្លូវចិត្តក្រុមគ្រួសារជនរងគ្រោះ និងប៉ះពាល់សតិអារម្មណ៍របស់ប្រជាពលរដ្ឋផ្សេងៗទៀត។
តាមរយៈគេហទំព័រហ្វេសប៊ុករបស់ លោក នេត្រ ភក្ត្រា នាថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ បានសរសេរថា នៅប៉ុន្មានថ្ងៃនេះ សង្កេតឃើញថា មានការចែករំលែក និងផ្សព្វផ្សាយរូបភាពហិង្សានិងឃាតកម្មនៅតាមហ្វេសប៊ុក តិកតុក ប្រព័ន្ធទំនាក់ទំនងតេឡេក្រាម និងបណ្តាញសង្គមផ្សេងទៀត។
លោក រដ្ឋមន្ដ្រី គូសបញ្ជាក់ថា "សូមបងប្អូនអ្នកប្រើប្រាស់បណ្តាញសង្គមគ្រប់ប្រភេទកុំបន្តចែករំលែកនិងផ្សព្វផ្សាយនូវរូបភាពទាំងនោះ ព្រោះវាបានប៉ះពាល់ដល់ផ្លូវចិត្តនិងអារម្មណ៍របស់ក្រុមគ្រួសារជនរងគ្រោះដែលកំពុងតែរងនូវភាពឈឺចាប់ និងការបាត់បង់សមាជិកគ្រួសាររបស់ខ្លួន និងក៏បានប៉ះពាល់ដល់ផ្លូវចិត្តនិងសតិអារម្មណ៍របស់បងប្អូនប្រជាពលរដ្ឋផ្សេងៗទៀតផងដែរ"។
លោក រដ្ឋមន្ដ្រី បន្ដថា ចំពោះអ្នកសារព័ត៌មាន សូមគោរពគោលការណ៍នៃក្រមសីលធម៌ដែលចែងក្នុងច្បាប់ស្តីពីរបបសារព័ត៌មាន គឺហាមបោះពុម្ពផ្សាយអត្ថបទ ឬរូបភាពអាសអាភាស និងរូបភាពនៃអំពើហិង្សា។ ដើម្បីគោរពដល់ក្រុមគ្រួសារនៃជនរងគ្រោះនិងជនរងគ្រោះ អ្នកសារព័ត៌មាន អាចចែករំលែករូបភាពដែលមិនប៉ះពាល់ដល់សេចក្តីថ្លៃថ្នូរ និងឯកជនភាពរបស់ជនរងគ្រោះ ឬធ្វើឱ្យរូបភាពនោះប្ល័រ (រូបមិនច្បាស់) មុននឹងផ្សព្វផ្សាយ និងចែករំលែក។ ធ្វើដូច្នេះ គឺគោរពក្រមសីលធម៌វិជ្ជាជីវៈផង និងគោរពដល់ជនរងគ្រោះផង!៕
អត្ថបទទាក់ទង
-
ករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ នៅម្ដុំផ្សារដេប៉ូ សង្កាត់ផ្សារដេប៉ូ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ហើយ ក្នុងទីតាំងកើតហេតុនេះ ក៏មានមនុស្សជាប់នៅក្នុងផ្ទះនោះផងដែរ