ភ្នំពេញ​ ៖ បើតាមសេចក្តីប្រកាសព័ត៌មានរួម របស់រាជរដ្ឋាភិបាលកម្ពុជា និងអង្គការសុខភាពពិភពលោក (WHO) ស្តីពីកម្ពុជាបង្ហាញសមិទ្ធផលសុខាភិបាល ក្នុងពិធីអបអរសាទរគម្រប់ខួបលើកទី៧៥ របស់អង្គការសុខភាពពិភពលោក បានបង្ហាញថា អាយុរំពឹងរស់បានកើនឡើងជាលំដាប់ នៅក្នុងប្រទេសកម្ពុជា គិតត្រឹមឆ្នាំ២០២១-២០២២ អាយុរំពឹងរស់សម្រាប់ប្រជាជនម្នាក់ៗ គឺ៧៦ឆ្នាំ។

នៅសេចក្តីប្រកាសព័ត៌មានរួមនេះ ក្រសួងសុខាភិបាល​ និងWHO បានឱ្យដឹងថា «ប្រទេសកម្ពុជាសម្រេចបាននូវសមិទ្ធផលសុខភាពគួរឱ្យកត់សម្គាល់ជាច្រើន នៅក្នុងរយៈពេលប៉ុន្មានទសវត្សរ៍កន្លងមកនេះ ដោយបានសង្គ្រោះអាយុជីវិតប្រជាជន និងធ្វើឱ្យសុខភាពរបស់ប្រជាជនកាន់តែប្រសើរឡើង។ អាយុរំពឹងរស់បានកើនឡើងជាលំដាប់ នៅក្នុងប្រទេសកម្ពុជា ហើយគិតត្រឹមឆ្នាំ២០២១-២០២២ អាយុរំពឹងរស់សម្រាប់ប្រជាជន ម្នាក់ៗ គឺ៧៦ឆ្នាំ។ នាពេលបច្ចុប្បន្នស្ត្រីកម្ពុជាជាង ៩៩% បានសម្រាលកូនដោយអ្នកផ្តល់សេវាសុខភាពជំនាញ ដែលជាតួលេខមួយកើនឡើងបើធៀបនឹងឆ្នាំ២០០០ ដែលមានតែស្ត្រីតែម្នាក់ ក្នុងចំណោមស្ត្រីបីនាក់ ប៉ុណ្ណោះដែលសម្រាលកូនជាមួយនឹងអ្នកផ្តល់សេវាសុខភាពជំនាញ»។

សេចក្តីប្រកាសព័ត៌មានរួមបានឱ្យដឹងទៀតថា នៅក្នុងរយៈពេលពីរទសវត្សរ៍កន្លងមកនេះ អត្រាមរណភាពទារកទើបនឹងកើតបានធ្លាក់ចុះយ៉ាងឆាប់រហ័ស គឺពី ៣៧នាក់ មកត្រឹម ៨នាក់ ក្នុងចំណោម ១០០០ កំណើតរស់ ហើយអត្រាមរណភាពកុមារអាយុក្រោមប្រាំឆ្នាំបានធ្លាក់ចុះយ៉ាងឆាប់រហ័សដែរ គឺពី ១២៤នាក់ មកត្រឹម ១៦នាក់ ក្នុងចំណោម ១០០០ កំណើតរស់។ អត្រានេះរាប់បញ្ចូលទាំងការថយចុះជាង ៥០% នៅចន្លោះឆ្នាំ២០១៤ និងឆ្នាំ២០២១-២០២២ ដែលអត្រាថយចុះនេះលឿនជាងចំនួនមធ្យមភាគជាសកល និងសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDGs) របស់កម្ពុជា រហូតដល់ប្រាំបីឆ្នាំ មុនកាលបរិច្ឆេទកំណត់៕EB

 

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ