(ថៃ)៖ ថ្នាំញៀនប្រភេទយ៉ាម៉ា ប្រមាណជាង៣លានគ្រាប់ត្រូវបានកម្លាំងសមត្ថកិច្ចថៃស្ទាក់ចាប់បាន ខណ:ដែលក្រុមឈ្មួញបានបញ្ជូនថ្នាំទាំងនេះតាមរថយន្តធុនធ្ងន់មួយគ្រឿងក្នុងទិសដៅឆ្ពោះទៅកាន់ភាគខាងត្បូងនៃប្រទេស។នេះបើតាមការចេញផ្សាយដោយការសែតបាងកកប៉ុស្តិ៏នៅព្រឹកថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៣។

កាលពីព្រឹកថ្ងៃទី៥ ខែកុម្ភ: ឆ្នាំ២០២៣ ត្រង់បរិវេណលើកំណាត់ផ្លូវជាតិ ក្នុងខេត្តសមុទ្រសុងក្រាម ដោយសារតែសមត្ថកិច្ចទទួលបាននូវសេចក្តីរាយការណ៍ថា មានរថយន្តមួយគ្រឿង បានដឹកថ្នាំញៀនចេញពីខេត្តសារ:បុរី ឆ្ពោះទៅកាន់ខេត្តសមុទ្រសាខន និងបន្តទៅភាគខាងត្បូងនៃប្រទេសថៃ ទើបកម្លាំងសមត្ថកិច្ចខេត្តសមុទ្រសុងក្រាមចេញប្រតិបត្តិការតែម្តង។

កិច្ចប្រតិបត្តិការនេះ គឺបានដាក់កម្លាំងចាំស្ទាក់មុខសញ្ញាសង្ស័យ ហើយបានត្រួតពិនិត្យទៅលើរថយន្តធុនធ្ងន់នោះរួចមក សមត្ថកិច្ចបានរកឃើញមានថង់ខ្មៅចំនួន៣០ថង់ ដោយមានការរៀបចំដាក់ការ៉ុងអង្ករព័ទ្ធជុំវិញផង ដើម្បីបិទបាំងភ្នែកសមត្ថកិច្ច។សមត្ថិកិច្ចបានរកឃើញនៅក្នុងនោះគឺមានថ្នាំញៀនប្រភេទយ៉ាម៉ាចំនួន ជាង៣លានគ្រាប់។

បច្ចុប្បន្នសមត្ថកិច្ចបានរៀបចំបញ្ជូនមុខសញ្ញារួមទាំងវត្ថុតាងទៅកានតុលាការ និងបន្តការស្រាវជ្រាវរកមុខសញ្ញាដែលនៅពីក្រោយខ្នងនៃការជួញដូរថ្នាំញៀនទាំងនេះ ដើម្បីយកមកផ្ដន្ទាទោសតាមផ្លូវច្បាប់៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ