ភ្នំពេញ ៖ នៅថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៣ លោក ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានប្រកាសដាក់បញ្ចូលថ្នាំបង្ការជំងឺមហារីកមាត់ស្បូនដល់កុមារអាយុ៩ឆ្នាំ នៅទូទាំងព្រះរាជាណាចក្រកម្ពុជា។

ក្រសួងសុខាភិបាល បានសហការជាមួយ ក្រសួងអប់រំ យុវជន និងកីឡា និងរដ្ឋបាលមូលដ្ឋាន និងដោយមានការគាំទ្រពីអង្គការសម្ព័ន្ធសកលសម្រាប់វ៉ាក់សាំង និងការផ្តល់ថ្នាំបង្ការ (Gavi) អង្គការសុខភាពពិភពលោក (WHO) អង្គការមូលនិធិសម្រាប់កុមារនៃអង្គការសហប្រជាជាតិ (UNICEF) និងអង្គការគ្លីនតុនហែល អែកសេស ស៊ីនីតស៊ីអេធីវ (CHAI) នឹងដាក់បញ្ចូលថ្នាំបង្ការជំងឺមហារីកមាត់ស្បូនដែលត្រូវផ្ដល់តែចំនួនមួយដូសប៉ុណ្ណោះដល់ កុមារីម្នាក់ៗដែលមានអាយុ៩ឆ្នាំនៅទូទាំង ព្រះរាជាណាចក្រកម្ពុជា តាមរយៈការផ្តល់ថ្នាំបង្ការនៅតាមសាលាបឋមសិក្សា នៅតាមភូមិ ឬសហគមន៍ និងការផ្តល់ថ្នាំបង្ការពេញមួយឆ្នាំនៅតាមមណ្ឌលសុខភាពចាប់ពីថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៣នេះ។

ជំងឺមហារីកមាត់ស្បូន ជានិច្ចកាលត្រូវបានគេប្រសិទ្ធនាមថាជា «ឃាតកលាក់មុខ» ហើយក៏ជាជំងឺមួយ ដែលអាចការពារបានទាំងស្រុងផងដែរ ដោយសារថ្នាំបង្ការ។ វីរុសមហារីកមាត់ស្បូនបង្កឱ្យកើតជំងឺមហារីក មាត់ស្បូន ហើយជំងឺនេះជាមូលហេតុចម្បងទីបួន នៃការស្លាប់របស់ស្ត្រីដោយជំងឺមហារីកនៅទូទាំងពិភពលោក ហើយភាគច្រើនកើតនៅក្នុងប្រទេស ដែលមានប្រាក់ចំណូលទាប និងមធ្យម។

នាឱកាសនោះលោក ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានថ្លែងថា ជំងឺមហារីកមាត់ស្បូន គឺជាអាទិភាពសុខភាពសាធារណៈ ដែលត្រូវយកចិត្តទុកដាក់នៅព្រះរាជាណាចក្រកម្ពុជា។ លោក គូសបញ្ជាក់ថា «យើងទាំងអស់គ្នាត្រូវពន្លឿន កិច្ចខិតខំប្រឹងប្រែងរួមគ្នា ដើម្បីលុបបំបាត់ជំងឺដ៏កាចសាហាវនេះ តាមរយៈការបញ្ចូលថ្នាំបង្ការជំងឺមហារីកមាត់ស្បូន ទៅក្នុងកម្មវិធីជាតិផ្តល់ថ្នាំបង្ការនៅព្រះរាជាណាចក្រកម្ពុជា»៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ