(ថៃ)៖ រាជរដ្ឋាភិបាលថៃ បានប្រកាសថា ខ្លួនមិនទទួលស្គាល់អំណាចយុត្តាធិការរបស់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) តាំងពីឆ្នាំ ១៩៦០មកម្ល៉េះ។ យោងតាមសេចក្ដីថ្លែងការណ៍ ភាគីថៃនៅតែបន្ដលើកឡើងដដែលៗថា យន្ដការទ្វេភាគី ដែលមានស្រាប់នោះ គឺជាមធ្យោបាយសម្រាប់ដោះស្រាយបញ្ហាព្រំដែនទាំងនេះ ដែលភាគីថៃថា យន្ដការនេះ ភាគីទាំងពីរបានព្រមព្រៀងគ្នាតាំងពីដើមរៀងមក។
បន្ថែមពីនេះទៀត ភាគីថៃថា ខ្លួនបានត្រៀមរួចជាស្រេច ដើម្បីបន្តដំណើរការចរចារវាងគណៈកម្មការព្រំដែនរួម (JBC) នៅថ្ងៃទី ១៤ ខែមិថុនា ឆ្នាំ ២០២៥ ហើយសង្ឃឹមថា កម្ពុជានឹងបង្ហាញពីឆន្ទៈដែលត្រូវគ្នាក្នុងការចូលរួម ក្នុងលក្ខណៈ ដែលឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរួមគ្នាចំពោះសន្តិភាព ស្ថិរភាព និង ការគោរពគ្នាទៅវិញទៅមក។

ក្រៅពីសេចក្តីថ្លែងការណ៍ បើតាមគណនីហ្វេសបុករបស់នាយករដ្ឋមន្ត្រីថៃវិញ បានសរសេរនៅល្ងាចថ្ងៃទី ០៥ ខែមិថុនា ឆ្នាំ២០២៥ថា ៖ រដ្ឋាភិបាលថៃចង់បញ្ជាក់ជាថ្មីនូវគោលការណ៍នៃការដោះស្រាយបញ្ហាដោយសន្តិវិធី ក្រោមការគោរពអធិបតេយ្យភាព និងទឹកដីរបស់គ្នាទៅវិញទៅមក។ក្នុងករណីដែលកម្ពុជាចង់ស្នើឱ្យតុលាការយុត្តិធម៌អន្តរជាតិ(ICJ) ដើរតួនាទីនោះ រដ្ឋាភិបាលថៃសូមបញ្ជាក់ថា ប្រទេសថៃមិនបានទទួលស្គាល់យុត្តាធិការរបស់ ICJ ក្នុងវិវាទណាមួយចាប់តាំងពីឆ្នាំ ១៩៦០ រហូតមកដល់បច្ចុប្បន្ន។ ខ្ញុំសូមបញ្ជាក់ថា បញ្ហាដែលបានកើតឡើងគួរតែដោះស្រាយតែក្នុងតំបន់ដែលមានជម្លោះប៉ុណ្ណោះ ហើយបញ្ហាមិនត្រូវពង្រីក នោះទេ។ ហើយអ្វីដែលខ្ញុំនិយាយ«ជាការពិត មិនកុហកទេ» ។​
ប្រទេសថៃនៅតែប្រកាន់ខ្ជាប់នូវយន្តការពិភាក្សាទ្វេភាគីដែលភាគីទាំងពីរបានឯកភាពគ្នាគ្រប់ពេលវេលា ដើម្បីរក្សាទំនាក់ទំនងល្អរវាងប្រជាជននៃប្រទេសទាំងពីរ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ