(បរទេស)៖ ប្រធានាធិបតីកូរ៉េខាងជើង លោក គីម ជុងអ៊ុន បាននិយាយថា «ប្រទេសកូរ៉េខាងជើង បានប្តេជ្ញាពង្រីកសមយុទ្ធយោធា និងពង្រឹងការត្រៀមលក្ខណៈធ្វើសង្គ្រាមរបស់ប្រទេស»។នេះបើតាមសេចក្តីរាយការណ៍ដោយទីភ្នាក់ងារសារព័ត៌មាន KCNA ចេញផ្សាយនៅថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៣។
នេះគឺជាការថ្លែងចេញពី កិច្ចប្រជុំនៃគណៈកម្មាធិការយោធាមជ្ឈិមនៃគណបក្សកម្មករ ដែលមានការចូលរួមពីក្រុមមន្ត្រី ដោយបានពិភាក្សាអំពីកិច្ចការយោធា និងនយោបាយសំខាន់ៗ រួមទាំងបញ្ហានៃការពង្រីក និងពង្រឹងប្រតិបត្តិការ និងសមយុទ្ធប្រយុទ្ធឥតឈប់ឈររបស់កងទ័ពប្រជាជនកូរ៉េ ដើម្បីទប់ទល់នឹងស្ថានការណ៍ដែលកំពុងកើតមាន និងពង្រឹងការត្រៀមលក្ខណៈសម្រាប់ធ្វើសង្គ្រាម។
គួរជម្រាបថា កូរ៉េខាងជើងកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន បានថ្កោលទោសសមយុទ្ធរបស់សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង ដោយនិយាយថា ពួកគេបានឈានដល់បន្ទាត់ក្រហមហើយ និងគំរាមប្រែក្លាយឧបទ្វីបកូរ៉េ ទៅជាឃ្លាំងអាវុធសង្គ្រាមដ៏ធំ៕