សម្ដេចធិបតី ហ៊ុន ម៉ាណែត ៖ ការប្ដេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល គឺត្រូវដំឡើងប្រាក់ឈ្នួល ខណៈប្រទេសមួយចំនួន មិនដំឡើងប្រាក់ខែជូនកម្មករឡើយ
ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី នៃកម្ពុជា បានថ្លែងថា ការប្ដេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា គឺត្រូវតែដំឡើងប្រាក់ឈ្នួលដល់កម្មករនិយោជិត ជារៀងរាល់ឆ្នាំ ទោះបីតិច ឬច្រើនក៏ដោយ ខណៈប្រទេសមួយចំនួន មិនដំឡើងប្រាក់ខែដល់កម្មករនោះឡើយ។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងបែបនេះ នាឱកាសអញ្ជើញជួបសំណេះសំណាលជាមួយ បងប្អូនកម្មករ និយោជិត ចំនួន ១៨ ០៩៩នាក់ នៅតាមបណ្តារោងចក្រ សហគ្រាស នៅរាជធានីភ្នំពេញ នាថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៣។
នាឱកាសនោះ សម្ដេចធិបតី ហ៊ុន ម៉ាណែត ថ្លែងអំណរគុណដល់ក្រសួងការងារ និងភាគីពាក់ព័ន្ធដែលបានខិតខំ ក្នុងការចរចាលើការកំណត់ប្រាក់ឈ្នួលអប្បបរមាកម្មករនិយោជិតក្នុងវិស័យកាត់ដេររហូតសម្រេចបានលទ្ធផលចំនួន ២០៤ ដុល្លារសម្រាប់ឆ្នាំ ២០២៤ខាងមុខនេះ។ ដូច្នេះចាប់ពីខែមករា ឆ្នាំ២០២៤ ខាងមុខ ប្រាក់ឈ្នួលអប្បបរមាថ្មីដែលកម្មករនិយោជិតនឹងត្រូវទទួលបាន មានចំនួន ២០៤ ដុល្លារ រួមជាមួយប្រាក់អត្ថប្រយោជន៍ផ្សេងៗទៀតរក្សាទុកនៅដដែល។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ថា «ការប្ដេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល គឺត្រូវតែដំឡើងប្រាក់ឈ្នួលដល់កម្មករនិយោជិតជារៀងរាល់ឆ្នាំទោះបីមានចំនួនតិច ឬច្រើនក៏ដោយ។ នេះគឺជាគោលនយោបាយរបស់រាជរដ្ឋាភិបាលដែលបានគិតគូរដល់បងប្អូនកម្មករនិយោជិតតាំងពីអាណត្តិមុនៗ ដែលដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្ដីនៃកម្ពុជា»។
សម្ដេចធិបតី បន្ដថា រាជរដ្ឋាភិបាល តែងតែយកចិត្តទុកដាក់លើសុខទុក្ខទាំងនិយោជក ទាំងនិយោជិក ហើយមានការដំឡើងប្រាក់ខែត្រឹម ២០៤ដុល្លារនេះ ក៏សំដៅធានាដល់ការប្រកួតប្រជែងក្នុងការបញ្ជាទិញ។ សម្ដេច ថា «ប្រទេសទាំងអស់ពិភពលោក កំពុងតែជួបប្រទះបញ្ហាបញ្ជាទិញដូច្នេះគ្នានេះ ខណៈប្រទេសខ្លះ មិនមានដំឡើងប្រាក់ខែដល់កម្មករផងនោះ»៕EB
អត្ថបទទាក់ទង
-
ករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ នៅម្ដុំផ្សារដេប៉ូ សង្កាត់ផ្សារដេប៉ូ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ហើយ ក្នុងទីតាំងកើតហេតុនេះ ក៏មានមនុស្សជាប់នៅក្នុងផ្ទះនោះផងដែរ