ភ្នំពេញ៖ សម្ដេចនាយករដ្ឋមន្ត្រី ​បានសាកសួរទៅកាន់អភិបាលខេត្តសៀមរាប ថាតើចំនួនភ្ញៀវទេសចរបរទេស កើនឡើងប៉ុន្មានឲ្យពិតប្រាកដ? ខណៈសម្ដេចធិបតី ហ៊ុន ម៉ាណែត ​បានលើកឡើងថា ចំនួនភ្ញៀវទេសចរបរទេស មកកាន់ប្រទេសកម្ពុជា មានការធ្លាក់ចុះដោយ សារការរាតត្បាតជំងឺកូវីដ-១៩ ប៉ុន្ដែបច្ចុប្បន្នមានចំនួនកើនឡើងបន្តិចវិញហើយ។

ការថ្លែងបែបនេះរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ក្នុងគ្រា អញ្ជើញជួបសំណេះសំណាលជាមួយកម្មករ-និយោជិត ប្រមាណជិត២ម៉ឺននាក់ នៅតាមបណ្តារោងចក្រ-សហគ្រាស នៅរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៣។

សម្ដេចធិបតី បានថ្លែងថា​ វិបត្តិកូវីដ ធ្វើឲ្យប៉ះពាល់ដល់ចំនួនទេសចរណ៍​ទាំងកម្ពុជានិងថៃ​ដូចតែគ្នា។ សម្ដេចបានសាកសួរទៅកាន់ភាគីថៃកាលពីពេលថ្មីៗនេះថាបានប៉ុន្មានភាគរយ? សម្ដេចថាថៃកាលមុនកូវីដ ៤០លាននាក់ ប៉ុន្ដែឥឡូវកើនវិញបានត្រឹមប្រហែល ៦០%ប៉ុណ្ណោះ​ ដែលនេះសឲ្យឃើញថា គ្រប់ប្រទេសទាំងអស់ប៉ះពាល់។

ជាមួយគ្នានេះ សម្ដេចនាយករដ្ឋមន្ត្រី ​បានសាកសួរទៅកាន់អភិបាលខេត្តសៀមរាប ថាតើចំនួនភ្ញៀវទេសចរបរទេស កើនឡើងប៉ុន្មានឲ្យពិតប្រាកដ? ដោយសម្ដេចបន្ថែមថា រឿងទិ​ន្នន័យរបស់ក្រសួងទេសចរណ៍ជារឿងមួយ តែសម្ដេចចង់ដឹងបន្ថែមពីអាជ្ញាធរផ្ទាល់ នៅខេត្តសៀមរាប៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ