យ៉ាងហោចណាស់មនុស្ស ១៦ នាក់ ត្រូវបានស្លាប់ និងជាច្រើននាក់ទៀតរងរបួស បន្ទាប់ពីរថភ្លើងបុកគ្នានៅប្រទេសក្រិក
ATHENS ៖ កងពន្លត់អគ្គីភ័យបាននិយាយថា មនុស្ស ១៦ នាក់ បានស្លាប់ និង ៨៥ នាក់ បានរងរបួស បន្ទាប់ពីរថភ្លើងពីរបានបុកគ្នាពេញមួយទំហឹងក្នុងប្រទេសក្រិក កាលពីល្ងាចថ្ងៃអង្គារ ខណៈដែលមូលហេតុនៃហេតុការណ៍នេះនៅតែមិនទាន់ច្បាស់នៅឡើយ។
អភិបាលនៃតំបន់ Thessaly បាននិយាយថា រថភ្លើងដឹកអ្នកដំណើរដែលធ្វើដំណើរពីទីក្រុង Athens ទៅកាន់ទីក្រុង Thessaloniki ភាគខាងជើង ហើយរថភ្លើងដឹកទំនិញពី Thessaloniki ទៅ Larissa បានបុកគ្នានៅខាងក្រៅទីក្រុង Larissa នៅឯកណ្តាលប្រទេសក្រិក។
ជាមួយគ្នានេះ អភិបាលខេត្ត លោក Konstantinos Agorastos បានប្រាប់ទូរទស្សន៍ SKAI ថា ទូរថភ្លើង ៤ នៃផ្នែកខាងមុខនៃរថភ្លើងដឹកអ្នកដំណើរបានក្រឡាប់ ខណៈដែលទូរថភ្លើងចំនួន ២ ខាងមុខគេត្រូវបាន "បំផ្លាញស្ទើរតែទាំងស្រុង"។ លោក Konstantinos Agorastos បាននិយាយបន្ថែមថា អ្នកដំណើរប្រហែល ២៥០ នាក់ ត្រូវបានជម្លៀសដោយសុវត្ថិភាពទៅកាន់ Thessaloniki ទៅលើឡានក្រុង។
តាមរយៈការផ្សាយចេញរបស់ទូរទស្សន៍ SKAI បានបង្ហាញវីដេអូនៃទូរថភ្លើងដែលក្រឡាប់ រងការខូចខាតយ៉ាងធ្ងន់ធ្ងរជាមួយនឹងបង្អួចដែលខ្ទេចខ្ទី និងផ្សែងហុយៗ ក៏ដូចជាកំទេចកំទីដែលរាយប៉ាយនៅពាសពេញផ្លូវ។ ក្រុមអ្នកជួយសង្គ្រោះត្រូវបានគេឃើញកាន់ពិលនៅក្នុងទូរថភ្លើងដើម្បីស្វែងរកអ្នកដំណើរដែលជាប់នៅខាងក្នុងនោះ។ ហើយនៅព្រឹកព្រលឹមថ្ងៃពុធនេះ ក្រុមអ្នកជួយសង្គ្រោះនៅតែស្វែងរកអ្នកនៅរស់រានមានជីវិតនៅឡើយ។
យ៉ាងណាម៉ិញ អ្នកនាំពាក្យរបស់កងកម្លាំងពន្លត់អគ្គីភ័យ លោក Vassilis Varthakogiannis បាននិយាយនៅក្នុងសុន្ទរកថាតាមទូរទស្សន៍ថា "ការជម្លៀសអ្នកដំណើរកំពុងដំណើរការក្នុងស្ថានភាពលំបាកខ្លាំង ដោយសារភាពធ្ងន់ធ្ងរនៃការប៉ះទង្គិចគ្នានៃរថភ្លើងទាំងពីរនេះ" ។
គួររំលឹកថា ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា មានមនុស្សប្រហែល ៣៥០ នាក់ កំពុងធ្វើដំណើរនៅលើរថភ្លើង។ NR