កងទ័ពជើងទឹកអាមេរិកនិយាយថា ខ្លួនមានសិទ្ធិនិងសេរីភាព ដើម្បីធ្វើបេសកកម្មនៅសមុទ្រចិនខាងត្បូង
BEIJING៖ កងទ័ពជើងទឹកសហរដ្ឋអាមេរិកបាននិយាយនៅថ្ងៃចន្ទថា នាវាពិឃាតមីស៊ីល ដឹកនាំដោយ USS Milius របស់ខ្លួន បានធ្វើបេសកកម្ម ដោយមានសិទ្ធិនិងសេរីភាព សម្រាប់ធ្វើនាវាចរណ៍នៅក្នុងសមុទ្រចិនខាងត្បូង ស្ថិននៅជិតប្រជុំកោះ Spratly។
ការប្រកាសនេះបានធ្វើឡើងនៅពេលដែលយោធារបស់ប្រទេសចិនក្លែងធ្វើការវាយប្រហារយ៉ាងជាក់លាក់ប្រឆាំងនឹងតៃវ៉ាន់នៅក្នុងសមយុទ្ធយោធាជុំវិញកោះនេះ ចំពេលមានភាពតានតឹងកាន់តែខ្លាំងឡើងរវាងចិន និងសហរដ្ឋអាមេរិកនៅក្នុងតំបន់។ដោយឡែក កងទ័ពជើងទឹកអាមេរិក បាននិយាយថា ប្រតិបត្តិការរបស់នាវាពិឃាត គឺស្របតាមច្បាប់អន្តរជាតិ។
ជាក់ស្តែង សេចក្តីថ្លែងការណ៍របស់កងទ័ពជើងទឹកអាមេរិកបាននិយាយថា "នៅចុងបញ្ចប់នៃប្រតិបត្តិការ USS Milius បានចាកចេញពីតំបន់ទាមទារហួសហេតុ ហើយបន្តប្រតិបត្តិការនៅក្នុងសមុទ្រចិនខាងត្បូង" ។ «សេរីភាពនៃការធ្វើនាវាចរណ៍នេះរក្សាសិទ្ធិ សេរីភាព និងការប្រើប្រាស់សមុទ្រដោយស្របច្បាប់»។
យ៉ាងណាម៉ិញ កាលពីខែមុន ប្រទេសចិននិងសហរដ្ឋអាមេរិក បានបញ្ចេញមតិពីចលនារបស់ USS Milius ដែលចិនបាននិយាយថា អាមេរិកចូលក្នុងដែនទឹករបស់ខ្លួនក្នុងសមុទ្រចិនខាងត្បូងក្បែរប្រជុំកោះ Paracel។ ជារើយៗ ប្រទេសចិនតែងតែទាមទារតំបន់ដ៏ធំល្វឹងល្វើយជាតំបន់កាន់កាប់របស់ខ្លូន ដែលវាត្រួតលើគ្នាជាមួយតំបន់សេដ្ឋកិច្ចផ្តាច់មុខនៃប្រទេសផ្សេងៗ រួមទាំងហ្វីលីពីនផងដែរ។ គួរបញ្ជាក់ថា លំហូរពាណិជ្ជកម្មរាប់ពាន់លានដុល្លារជារៀងរាល់ឆ្នាំឆ្លងកាត់តាមរយៈផ្លូវទឹកមួយនេះ។ NR