(ជប៉ុន)៖ នាយករដ្ឋមន្ត្រីជប៉ុនលោក Kishida Fumio បានអំពាវនាវឲ្យអាជ្ញាធរ ពិសេសគឺកងកម្លាំងប៉ូលិស ធានាសុខសុវត្ថិភាពឱ្យបានខ្លាំងក្លាបំផុត ក្នុងយុទ្ធនាការឃោសនាបោះឆ្នោត និងកិច្ចប្រជុំកំពូលក្រុមប្រទេស G7 នៅទីក្រុងហ៊ីរ៉ូស៊ីម៉ា នាខែក្រោយនេះ ។នេះបើតាមសេចក្តីរាយការណ៍ដោយទីភ្នាក់ងារសារព័ត៌មាន NHK នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៣។ 

នាយករដ្ឋមន្ត្រីជប៉ុន លោក Kishida បាននិយាយថា «លោកនឹងមិនអាចអត់ឱនចំពោះអំពើហិង្សាណាមួយ ក្នុងអំឡុងពេលយុទ្ធនាការបោះឆ្នោតនោះទេ ព្រោះវាគំរាមកំហែងដល់មូលដ្ឋានគ្រឹះនៃលទ្ធិប្រជាធិបតេយ្យរបស់យើង» ។

គួរបញ្ជាក់ថា ការអំពាវនាវនេះ ធ្វើឡើងបន្ទាប់ពីហេតុការណ៍គប់គ្រាប់បែកផ្សែងចូលទីតាំងដែលលោកនាយករដ្ឋមន្ត្រី គ្រោងនឹងថ្លែងសុន្ទរកថានៅក្នុងទីក្រុង Wakayama កាលពីថ្ងៃសៅរ៍កន្លងទៅ ។លោក Kishida បានចុះទៅទីក្រុង Wakayama ភាគខាងលិច ដើម្បីផ្តល់ការគាំទ្រដល់បេក្ខជនបោះឆ្នោតសភាជាន់ទាបនៅទីនោះ ។ ភ្លាមៗនៅក្នុងហេតុការណ៍នោះ លោកនាយករដ្ឋមន្ត្រីត្រូវបានគេជម្លៀសចេញដោយមិនមានគ្រោះថ្នាក់ឡើយ ប៉ុន្តែប៉ូលិសម្នាក់រងរបួសស្រាល ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ