កូរ៉េខាងត្បូងនិយាយថា កិច្ចសហប្រតិបត្តិការជាមួយសហរដ្ឋអាមេរិកនិងជប៉ុន គឺជាគន្លឹះក្នុងការយកឈ្នះលើការគំរាមកំហែងរបស់កូរ៉េខាងជើង
SEOUL ៖ ប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk-yeol បាននិយាយកាលពីថ្ងៃពុធថា កិច្ចសហប្រតិបត្តិការត្រីភាគីជាមួយសហរដ្ឋអាមេរិក និងជប៉ុន កាន់តែមានសារៈសំខាន់ជាងពេលណាៗទាំងអស់ ដើម្បីយកឈ្នះលើការគំរាមកំហែងនៃអាវុធនុយក្លេអ៊ែរដែលកំពុងកើនឡើងរបស់កូរ៉េខាងជើង និងវិបត្តិផ្សេងៗទៀត។
ជាក់ស្តែង លោក Yoon Suk-yeol បាននិយាយនៅក្នុងព្រឹត្តិការណ៍មួយដើម្បីរំលឹកដល់ចលនាឯករាជ្យខែមីនា ជាប្រវត្តិសាស្ត្ររបស់ប្រទេសប្រឆាំងនឹងការកាន់កាប់របស់ប្រទេសជប៉ុន ក្នុងឆ្នាំ ១៩១០-១៩៤៥ មកលើប្រទេសកូរ៉េ។ លោកបាននិយាយថា "ប្រទេសជប៉ុនបានផ្លាស់ប្តូរពីអ្នកឈ្លានពានខាងយោធានិយមពីអតីតកាលទៅជាដៃគូដែលចែករំលែកតម្លៃសកលដូចគ្នាជាមួយយើង"។ "ថ្ងៃនេះ កូរ៉េ និងជប៉ុន សហការគ្នាលើបញ្ហាសន្តិសុខ និងសេដ្ឋកិច្ច។ យើងក៏ធ្វើការរួមគ្នា ដើម្បីទប់ទល់នឹងបញ្ហាប្រឈមជាសកល... យើងត្រូវតែឈរក្នុងសាមគ្គីភាពជាមួយបណ្តាប្រទេសដែលមានតម្លៃជាសកល"។
ការអត្ថាធិប្បាយរបស់ លោក Yoon Suk-yeol ធ្វើឡើងបន្ទាប់ពីការិយាល័យប្រធានាធិបតីកូរ៉េខាងត្បូងបាននិយាយកាលពីថ្ងៃអង្គារថា មន្ត្រីមកពីកូរ៉េខាងត្បូង សហរដ្ឋអាមេរិក និងជប៉ុន បានបើកកិច្ចសន្ទនាសន្តិសុខសេដ្ឋកិច្ចជាលើកដំបូងរបស់ពួកគេ ចំពេលមានកិច្ចខិតខំប្រឹងប្រែងដើម្បីពង្រឹងភាពធន់នៃខ្សែសង្វាក់ផ្គត់ផ្គង់ និងអភិវឌ្ឍបច្ចេកវិទ្យា។
ទោះបីជាពេលខ្លះ ប្រទេសជប៉ុន និងកូរ៉េខាងត្បូង ជាប្រទេសជិតខាងដែលមិនសូវសប្បាយចិត្តដាក់គ្នាក៏ដោយ ក៏ប្រទេសទាំង ៣ ចង់ពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗ ដើម្បីប្រឈមមុខនឹងការកើនឡើងនៃភាពតានតឹងជាសកល ដែលរូមទាំងពេលនេះប្រទេសចិនមានការឈ្លានពានលុកលុយកាន់តែច្រើន និងកូរ៉េខាងជើងដែលមិនអាចទាយទុកជាមុនបាន។
គួររំលឹកថា កាលពីខែវិច្ឆិកាឆ្នាំមុន លោក Yoon Suk-yeol និងនាយករដ្ឋមន្ត្រីជប៉ុន លោក Fumio Kishida បានយល់ព្រមបន្តការពិភាក្សាសម្រាប់ការដោះស្រាយភ្លាមៗនៃបញ្ហាដែលមិនទាន់សម្រេច នេះបើយោងតាមការិយាល័យរបស់ លោក Yoon Suk-yeol ខណៈដែលពួកគេស្វែងរកការកែលម្អទំនាក់ទំនងដែលមានភាពខូចខាតដោយសារជម្លោះប្រវត្តិសាស្ត្រ។ NR