ភ្នំពេញ ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោក KATO Katsunobu រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុជប៉ុន ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្ដិភាព នាថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥។

ក្នុងឱកាសនៃជំនួប លោករដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពនៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងជប៉ុននិងកម្ពុជា និងគូសបញ្ជាក់ថា កម្ពុជា ជាដៃគូដ៏សំខាន់មួយរបស់ជប៉ុន។ លោក បានបង្ហាញសុទិដ្ឋិនិយមថា សេដ្ឋកិច្ចកម្ពុជានឹងកាន់តែរីកចម្រើនបន្ថែមទៀត។ លោក ក៏បានប្ដេជ្ញាចិត្តក្នុងការបន្តពង្រឹង និងពង្រីកទំនាក់ទំនងជប៉ុន-កម្ពុជាឱ្យកាន់តែខ្លាំងក្លាថែមទៀត។

ជាការឆ្លើយតប, សម្ដេចបវរធិបតី បានសម្ដែងនូវការពេញចិត្ត និងវាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើននៃទំនាក់ទំនងកម្ពុជា-ជប៉ុន ដែលត្រូវបានដំឡើងទៅជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ កាលពីដើមឆ្នាំ២០២៣។

សម្ដេចបវរធិបតី បានថ្លែងអំណរគុណរាជរដ្ឋាភិបាលនិងប្រជាជនជប៉ុន ចំពោះការរួមចំណែក និងជួយគាំទ្រដល់កម្ពុជា ចាប់តាំងពីដំណើរការស្វែងរកសុខសន្ដិភាព, ការស្ដារប្រទេសឡើងវិញ និងការអភិវឌ្ឍប្រទេសកម្ពុជាលើគ្រប់វិស័យ។ សម្ដេចបវរធិបតី បានបន្តទៀតថា ដំណើរទស្សនកិច្ចរបស់ឯកឧត្តមរដ្ឋមន្ត្រីនាពេលនេះ នឹងកាន់តែចូលរួមចំណែកពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត។

សម្ដេចបវរធិបតី និងលោករដ្ឋមន្ត្រី ក៏បានពិភាក្សាអំពីការបន្តជំរុញកិច្ចសហប្រតិបត្តិការលើវិស័យសក្ដានុពលជាច្រើន រួមមានជាអាទិ៍៖ វិស័យសេដ្ឋកិច្ច, ពាណិជ្ជកម្ម, សុខាភិបាល, ហេដ្ឋារចនាសម្ព័ន្ធ, ហិរញ្ញវត្ថុ, ឌីជីថល, សហគ្រាសធុនតូច និងមធ្យម (SMEs), ការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ, ការផ្លាស់ប្ដូររវាងប្រជាជន និងប្រជាជន និងការផ្សារភ្ជាប់ទំនាក់ទំនងរវាងវិស័យឯកជននៃប្រទេសទាំងពីរ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ