ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានឱ្យដឹងថា ទិសដៅអាទិភាពរបស់រាជរដ្ឋាភិបាល គឺការបង្កើនបរិមាណស្នាដៃតែងនិពន្ធ និងលើកកម្ពស់គុណភាព អមដោយការពង្រឹងក្រមសីលធម៌ និងអត្ថន័យ នៃអត្ថបទតែងនិពន្ធ សំដៅការពារតម្លៃដើមនៃអក្សរសាស្ត្រ វប្បធម៌ និងប្រពៃណីជាតិ។

តាមរយៈសារលិខិតរបស់ សម្ដេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសទិវាជាតិអ្នកនិពន្ធ ឆ្នាំ២០២៤ សម្ដេចធិបតី បានឱ្យដឹងថា ថ្ងៃទី៧ ខែធ្នូ គឺជាទិវាជាតិអ្នកនិពន្ធ នៃព្រះរាជាណាចក្រកម្ពុជា និងជាព្រឹត្តិការណ៍ដ៏មានសារៈសំខាន់ រួមចំណែកដល់ការលើកស្ទួយគុណតម្លៃ ការគោរពដឹងគុណបុព្វកវីនិពន្ធខ្មែរ និងជាការរម្លឹកនូវសេចក្តីចងចាំ គុណបំណាច់របស់បណ្តាកវីនិពន្ធគ្រប់ជំនាន់ដែលបានចូលរួមចំណែកពង្រឹងអក្សរសាស្ត្រជាតិ និងវិស័យអប់រំ។

សម្ដេចធិបតី បន្ដថា ការប្រារព្ធទិវាជាតិអ្នកនិពន្ធជារៀងរាល់ឆ្នាំសំដៅជំរុញវប្បធម៌នៃការតែងនិពន្ធនៅកម្ពុជា លើកកម្ពស់សមត្ថភាព អ្នកនិពន្ធ ដើម្បីប្រមូលផ្តុំកម្លាំងសាមគ្គីភាពរវាងអ្នកនិពន្ធគ្រប់និន្នាការ ប្រកបដោយសុច្ឆន្ទៈ មនសិការនៃវប្បធម៌ សន្តិភាព ក្នុងគោលដៅអភិវឌ្ឍប្រកបដោយចីរភាព ធានាគុណភាពតែងនិពន្ធ ប្រកបដោយសច្ចធម៌ បរិយាបន្ន និង លើកកម្ពស់គុណតម្លៃនៃស្មារតីប៉ាកកាសន្តិភាពពេញមួយជីវិត ដើម្បីទាំងអស់គ្នា។

សម្ដេចធិបតី បន្ថែមថា រាជរដ្ឋាភិបាល នៅគ្រប់អាណត្តិនៃរដ្ឋសភា និងតាមរយៈវិស័យអប់រំ វប្បធម៌ និងព័ត៌មាន បានផ្តោតការយក ចិត្តទុកដាក់ខ្ពស់លើវិស័យស្រាវជ្រាវ តែងនិពន្ធ ព្រមទាំងបន្តលើកទឹកចិត្តដល់គ្រប់មជ្ឈដ្ឋានពាក់ព័ន្ធ ជាពិសេស គ្រប់គ្រឹះស្ថានអប់រំ ទាំងរដ្ឋនិងឯកជន សមាគម និងអ្នកនិពន្ធឯកជននានា ឱ្យបន្តពង្រឹងការចូលរួមតាក់តែង និង ការបង្កើតស្នាដៃថ្មីៗ សម្រាប់ជាគុណប្រយោជន៍ដល់វិស័យសិក្សាអប់រំ ការឆ្លើយតបនឹងតម្រូវការសិក្សាស្រាវជ្រាវ របស់សិស្ស និស្សិត និងមជ្ឈដ្ឋានទូទៅ។

សម្ដេចធិបតី គូសបញ្ជាក់ថា «មកទល់បច្ចុប្បន្ន រាជរដ្ឋាភិបាល នៅតែបន្តអាទិភាវូបនីយកម្មលើកម្រិតថវិកាស្រាវជ្រាវ គំនិតច្នៃប្រឌិត និង នវានុវត្តន៍ សម្រាប់គាំទ្រដល់ការបង្កើតថ្មី ការតែងនិពន្ធ និងសៀវភៅសិក្សាគ្រប់ជំនាញ។ ទិសដៅអាទិភាពរបស់ យើង គឺការបង្កើនបរិមាណស្នាដៃតែងនិពន្ធ ពង្រឹង និងលើកកម្ពស់គុណភាព អមដោយការពង្រឹងក្រមសីលធម៌ និងអត្ថន័យនៃអត្ថបទតែងនិពន្ធ សំដៅការពារតម្លៃដើមនៃអក្សរសាស្ត្រ វប្បធម៌ និងប្រពៃណីជាតិ ដោយតម្កល់ផលប្រយោជន៍សង្គមជាធំ។ ជាមួយគ្នានេះ តាមរយៈក្រសួង ស្ថាប័នមានសមត្ថកិច្ច កម្មសិទ្ធិបញ្ញា និងសិទ្ធិប្រហាក់ ប្រហែល ដោយរាប់បញ្ចូលទាំងកិច្ចការពារសិទ្ធិអ្នកនិពន្ធផងដែរ ត្រូវបានបន្តពង្រឹងទាំងក្រោមរូបភាពនៃការពង្រឹង ច្បាប់ ការពង្រឹងការអនុវត្តច្បាប់និងការចូលរួមជាមួយយន្តការតំបន់ និងអន្តរជាតិ លើវិស័យកម្មសិទ្ធិបញ្ញានេះ»៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ