ភ្នំពេញ ៖ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានថ្លែងថា យុវជនដើរតួនាទីសំខាន់ ក្នុងការចូលរួមកែប្រែឥរិយាបថ របស់ប្រជាពលរដ្ឋឱ្យស្រឡាញ់ភាពស្អាតកាន់តែខ្លាំងឡើង ក៏ដូចជាបង្កើនការយកចិត្តទុកដាក់ ក្នុងការរស់នៅប្រចាំថ្ងៃក្នុងភាពស្អាត សំដៅថែរក្សាអនាម័យបរិស្ថានឱ្យបានស្អាត និងសុខភាពរបស់ខ្លួនបានល្អ។

លោករដ្ឋមន្ដ្រី បន្ដថា ជាពិសេស ចូលរួមចំណែកថែរក្សាសុខភាពបរិស្ថាន-សង្គមឱ្យបានស្អាត នៅកម្ពុជា និងនៅលើឆាកអន្តរជាតិ។

នាឱកាសអញ្ជើញជាអធិបតីបើកសិក្ខាសាលាស្តីពី យុវជនបរិស្ថាន ចូលរួមលុបបំបាត់ ការប្រើប្រាស់គ្រឿងញៀន និងបញ្ចប់ជម្ងឺអេដស៍នៅកម្ពុជា នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤ នាទីស្តីការក្រសួងបរិស្ថាន លោករដ្ឋមន្ដ្រី អ៊ាង សុផល្លែត បានថ្លែងកោតសរសើរចំពោះក្រុមយុវជន ដែលបានចូលរួមស្ម័គ្រចិត្តធ្វើសកម្មភាពសង្គម នានា ហើយជំរុញបន្តលើកកម្ពស់ការស្រឡាញ់បរិស្ថាន ចែករំលែកចំណេះដឹងនេះទៅអ្នកផ្សេងទៀត។ ក្នុងនោះដែរយុវជនត្រូវចៀសវាងការប៉ះពាល់នឹងគ្រឿងញៀន និងការពារខ្លួនកុំឱ្យឆ្លងមេរោគអេដស៍ ដើម្បីក្លាយខ្លួនជាធនធានដ៏សំខាន់សម្រាប់អនាគតកម្ពុជា។

លោករដ្ឋមន្ដ្រី បានគូសបញ្ជាក់ថាបរិស្ថាន ជាបញ្ហារបស់យើងទាំងអស់គ្នា ហើយដើម្បីសង្គមយើងមានអនាម័យបរិស្ថានស្អាត ចាំបាច់ត្រូវមានការចូលរួម ពីគ្រប់មជ្ឈដ្ឋានទាំងអស់ទាំងស្ថាប័នរដ្ឋ ឯកជន ប្រជាពលរដ្ឋ យុវជន ព្រះសង្ឃ សហគមន៍ទាំងមូល។

សូមបញ្ជាក់ថា យុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន បានផ្តោតសំខាន់លើសសរស្តម្ភចំនួន ៣គឺ ភាពស្អាត បៃតង និងចីរភាព។ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានលើកឡើងថា «ភាពស្អាត» តម្រូវឱ្យមន្រ្តីក្រសួងបរិស្ថានចូលរួមចំណែកធ្វើឱ្យបរិស្ថាន-សង្គមនៅកម្ពុជា របស់យើងស្អាត ក្នុងនោះមិនត្រូវប្រព្រឹត្តអំពើល្មើសច្បាប់ ដូចជាការប្រើប្រាស់គ្រឿងញៀន ជួញដូរ និងចែកចាយគ្រឿងញៀន ព្រមទាំងបង្កឱ្យបញ្ហាជំងឺអេដស៍កើនឡើង ដែលដាក់បន្ទុកធ្ងន់ឱ្យគ្រួសារ និងសង្គមជាតិ។

លើសពីនេះ លោករដ្ឋមន្រ្តី នជំរុញឱ្យមានការចូលរួមមិនត្រឹមតែផ្សព្វផ្សាយលើភាពស្អាត ដែលមាន ភាពស្អាតនៅក្នុងខ្លួនប៉ុណ្ណោះទេ គឺត្រូវបន្តបោះជំហាន ទៅជាយុទ្ធនាការ ធ្វើឱ្យមានភាពស្អាតនៅក្រៅខ្លួន បន្ទាប់មកត្រូវប្រែក្លាយយុទ្ធនាការ ទៅជាចលនាថែមទៀត។ នៅពេលប្រជាពលរដ្ឋបានចូលរួម ជាចលនាច្រើនឡើងនោះ ប្រជាពលរដ្ឋនឹងមានទម្លាប់ស្អាត នៅពេលនោះសង្គមជាតិយើងនឹងទទួលបានភាពស្អាត មានការរីកចម្រើនប្រកបដោយចីរភាព។ រដ្ឋមន្រ្តីក្រសួងបរិស្ថាន មានប្រសាសន៍បន្ថែម៕

 

 

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ