ឧបនាយករដ្ឋមន្រ្តី ស សុខា ណែនាំក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ ពិនិត្យរៀបចំផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យកីឡា
ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្រ្តី ស សុខា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានណែនាំក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ សហការជាមួយអង្គភាពពាក់ព័ន្ធ សិក្សាពិនិត្យរៀបចំផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យកីឡា។
ឧបនាយករដ្ឋមន្រ្តី បន្ដថា ដោយសារវិស័យនេះត្រូវការការវិនិយោគច្រើន និងចំណាយពេលយូរដើម្បីទទួលបានលទ្ធផល ទាំងដែលលទ្ធផលនោះអាចនឹងសម ឬមិនសមប្រកបតាមគោលដៅកំណត់ក៏ថាបាន ខណៈស្ថានភាពពិភពលោកក៏មានការប្រឈមប្រែប្រួលដែលទាមទារឱ្យមានភាពបត់បែនគ្រប់ផែនការ រួមទាំងផែនការក្នុងវិស័យកីឡានេះដែរ។
ថ្លែងក្នុងពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំ ប្រតិភូ ប្រតិភូរង គ្រូបង្វឹក គ្រូជំនួយ និងកីឡាករ កីឡាការិនី នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ នាថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៤ លោកឧបនាយករដ្ឋមន្រ្តី ស សុខា បានមានប្រសាសន៍ទៀតថា ក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ គួរតម្រង់ទិសថា តើគោលបំណងធំចុងក្រោយចង់បានអ្វី និងត្រូវត្រៀមលក្ខណៈអ្វីខ្លះដើម្បីសម្រេចគោលបំណងនោះ ស្របពេលដែលផ្លូវដើរទៅរកគោលដៅដែលចង់បាន អាចនឹងទទួលរងឥទ្ធិពលប្រែប្រួលជាបន្តបន្ទាប់ ដូចស្ថានភាពពិភពលោកនាពេលនេះ។
បើតាម ឧបនាយករដ្ឋមន្រ្តី ជាការពិត គោលដៅរបស់ក្រុមកីឡាករ កីឡាការិនី គឺយកមេដាយជូនជាតិ ប៉ុន្តែទន្ទឹមគ្នានេះ ការរៀបចំផែនការ និងការប្ដេជ្ញាចិត្តអនុវត្តប្រកបដោយគុណភាព ពិសេសគុណភាពនៃការហ្វឹកហាត់ គឺពិតជាមានសារៈសំខាន់ ដើម្បីបង្ហាញឆន្ទៈផ្លាស់ប្ដូរពីប្រទេស ឬក្រុមដែលធ្លាប់តែចូលរួមកំដររោងនៃព្រឹត្តិការណ៍កីឡានានា ទៅជាប្រទេស ឬក្រុមដែលប្រជែងយកមេដាយជូនជាតិ តួយ៉ាកីឡាម៉ូតូទឹក ដែលពីមុនកម្ពុជាត្រឹមតែសុំគេចូលរួម ប៉ុន្តែតែពេលនេះឈានដល់ដណ្ដើមមេដាយពីគ្រប់ប្រទេស។
ពីវេទិកាសំណេះសំណាលនោះដែរ លោកឧបនាយករដ្ឋមន្រ្តី ស សុខា បានផ្ដល់អនុសាសន៍ឱ្យក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ ពង្រឹងប្រភេទកីឡារួម (Team Sport) ជាកីឡាមានប្រជាប្រិយភាពបំផុតទាំងក្នុងប្រទេស និងលើឆាកអន្តរជាតិ និងត្រូវបន្តលើកទឹកចិត្តនិងផ្តល់ភាពងាយស្រួលឱ្យគ្រូបង្វឹក និងអត្តពលលិកខិតខំប្រឹងប្រែងស្វែងយល់ និងហ្វឹកហាត់ទាំងលើបទបញ្ជា និងបច្ចេកទេសថ្មីៗ នៃប្រភេទកីឡារបស់ខ្លួនឱ្យទាន់តាមស្តង់ដារសកល ព្រមទាំងចៀសវាងដាច់ខាតនូវការពាក់ព័ន្ធល្បែងស៊ីសង និងគ្រឿងញៀន។
លោកឧបនាយករដ្ឋមន្រ្តី ក៏បានណែនាំឱ្យក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ រៀបចំការកួតនានាក្នុងកម្រិតផ្ទៃក្នុង ឬមិត្តភាព រវាងក្រសួង-ស្ថាប័នលើប្រភេទកីឡាមានសក្ដានុពល និងផ្ដល់ឱកាសបន្ថែមទៀតឱ្យមានការចូលរួមពីមហាជនដែលអាចមានជនឆ្នើមបង្ហាញភាពលេចធ្លោលើប្រភេទកីឡាណាមួយ។ ជាមួយគ្នានេះ អង្គភាពចំណុះក្រសួង ក៏ត្រូវតែជំរុញមន្ត្រីខ្លួនឱ្យលេងកីឡាតាមដែលចូលចិត្ត ព្រោះអាចថា យើងនឹងទទួលបាននូវអត្តពលិកថ្មីៗ ពីសំណាក់អង្គភាពទាំងនោះ មកបញ្ចូលក្នុងសមាសភាពកីឡាផ្លូវការ៕