ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងអរគុណចំពោះ សមាគមធនាគារនៅកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានបង្ហាញនៅឆន្ទៈជាវិជ្ជមាន ក្នុងការពិនិត្យលទ្ធភាពជួយសម្រាលបន្ទុកហិរញ្ញវត្ថុសម្រាប់ប្រជាពលករដែលត្រលប់មកពីថៃវិញ។

តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា «ខ្ញុំសូមអរគុណចំពោះ សមាគមធនាគារនៅកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ដែលបានបង្ហាញនៅឆន្ទៈជាវិជ្ជមាន ទៅនឹងការអំពាវនាវរបស់ខ្ញុំ ក្នុងការពិនិត្យលទ្ធភាពជួយសម្រាលបន្ទុកហិរញ្ញវត្ថុសម្រាប់បងប្អូនប្រជាពលករដែលត្រលប់មកពីថៃវិញ ចំពោះអ្នកដែលមានជាប់ជំពាក់បំណុលជាមួយធនាគារ ឬគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទៅតាមលទ្ធភាពដែលអាចធ្វើទៅបាន»។

សម្ដេចធិបតី បន្ដថា នេះគឺបង្ហាញអំពីឆន្ទៈក្នុងការចូលរួម ក្នុងស្មារតីសាមគ្គីឯកភាពជាតិ និងការជួយគ្នាទៅវិញទៅមក ពេលប្រទេសជាតិនិងប្រជាពលរដ្ឋខ្មែរយើងប្រឈមនឹងបញ្ហា។

យោងតាមសេចក្តីថ្លែងការណ៍រួម របស់សមាគមធនាគារនៅកម្ពុជា និង សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះការអំពាវនាវរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ឱ្យសមាគមទាំងពីរ «ពិនិត្យលទ្ធភាពក្នុងការជួយសម្រាលបន្ទុកហិរញ្ញវត្ថុសម្រាប់បងប្អូនប្រជាពលករដែលត្រលប់មកពីប្រទេសថៃវិញ ចំពោះអ្នកដែលមានជាប់ជំពាក់កម្ចីជាមួយធនាគារ ឬគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ទៅតាមលទ្ធភាព ឬ ក្នុងមួយរយៈពេលកំណត់ណាមួយដែលអាចធ្វើទៅបាន»។

គ្រឹះស្ថានសមាជិកនៃសមាគមទាំងពីរ នឹងពិនិត្យឱ្យអស់លទ្ធភាពចូលរួមដាក់ចេញនូវវិធានការសមស្របក្នុងការបន្ធូរបន្ថយបន្ទុកហិរញ្ញវត្ថុសម្រាប់បងប្អូនប្រជាពលករ តាមរយៈការរៀបចំឥណទានឡើងវិញ ដែលជាយន្តការរបស់សមាគម បាននិងបន្តអនុវត្ត។ ក្នុងករណីមានតម្រូវការជាក់ស្ដែងក្នុងរៀបចំឥណទានឡើងវិញ ក៏ដូចជាសំណើសុំផ្ដល់ការគាំទ្រផ្សេងៗ សមាគមស្នើសុំបងប្អូនប្រជាពលករទាំងអស់ដែលជាអតិថិជន ទាក់ទងផ្ទាល់ ជាមួយគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ នៅរៀងរាល់ម៉ោងធ្វើការ ដោយភ្ជាប់មកជាមួយនូវអត្តសញ្ញាណបណ្ណ ឯកសារឥណទាន បណ្ណ/សៀវភៅការងារ និងលិខិតពាក់ព័ន្ធនានា ដើម្បីពិភាក្សារិះរកដំណោះស្រាយដ៏សមរម្យ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ