តាកែវ៖ លោកយាយ ជុំ យ៉េន អាយុ៨២ឆ្នាំ រស់នៅភូមិត្នោត ឃុំត្នោត ស្រុកបាទី ខេត្តតាកែវ ដែលត្រូវបានចាប់ និងឃុំខ្លួនដាក់ពន្ធនាគារ ដោយសារទំនាស់ព្រំដីនោះ នៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៤ ត្រូវបានតុលាការកំពូល ចេញសាលដីកាសម្រេចដោះលែងឲ្យនៅក្រៅឃុំហើយ។

ការសម្រេចរបស់តុលាការកំពូលនេះ បានកើតឡើងក្រោយមានការចែកចាយនៅតាមបណ្តាញសង្គមព្រោងព្រាតនៅថ្ងៃនេះ ពាក់ព័ន្ធនឹងចំណាត់ការតាមផ្លូវច្បាប់ ដែលលោកយាយមានអាយុរហូតដល់៨២ឆ្នាំ រួមរិតដោយជំងឺលើស ឈាម និងទឹកនោមផ្អែមប្រចាំកាយនោះ ត្រូវបានកម្លាំងសមត្ថកិច្ចចាប់ខ្លួនតាមដីការបស់តុលាការខេត្តតាកែវ ហើយយកលោកយាយទៅឃុំខ្លួននៅពន្ធនាគារកាលពីថ្ងៃអាទិត្យ ក្រោមបទចោទប្រកាន់ពីបទ «ធ្វើឲ្យខូចខាតដោយ ចេតនា និងធ្វើឲ្យបាត់ជំនឿលើ សេចក្ដីសម្រេចរបស់តុលាការ» ប្រព្រឹត្តនៅភូមិត្នោត ឃុំត្នោត ស្រុកបាទី ខេត្តតាកែវ កាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១ បទល្មើសព្រហ្មទណ្ឌ ដែលមានចែងឲ្យផ្តន្ទទោសតាមបញ្ញត្តិមាត្រា៤១០ និងមាត្រា៥២៣ នៃក្រមព្រហ្មទណ្ឌ។

ដំណើររឿងដែលឈានដល់ការចោទប្រកាន់ពីតំណាងអយ្យការអមសាលាដំបូងខេត្តតាកែវ ទៅលើលោកយាយរូបនេះ គឺផ្តើមចេញពីទំនាស់ព្រំដី និងការសុំបើកផ្លូវជាមួយអ្នកជិតខាង រហូតមានការប្តឹងផុ្តល់គ្នា ហើយមានការចាប់ខ្លួន និងឃុំខ្លួនលោកយាយតែម្តង។ ក្រៅពីការចាប់ខ្លួនលោកយាយដាក់ពន្ធនាគារ, កូនរបស់លោកយាយចំនួន២នាក់ទៀត ក៏ត្រូវបានចាប់ និងឃុំខ្លួនដាក់ពន្ធនាគារផងដែរ កាលពីប៉ុន្មានខែមុននៅក្នុងករណីតែមួយនេះ។

សម្រាប់ករណីនេះ ក្រោយមានការចែកចាយព័ត៌មានច្រើននៅតាមបណ្តាញសង្គមអមដោយសាររិះគន់ផងនោះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានណែនាំឲ្យឧបនាយករដ្ឋមន្រ្តី កើត រិទ្ធ ឧបនាយករដ្ឋមន្រ្តី និងរដ្ឋមន្រ្តីក្រសួងយុត្តិធម៌ រួមទាំងអាជ្ញាធរពាក់ព័ន្ធ ពិនិត្យករណីនេះឡើងវិញ ដើម្បីផ្តល់ភាពយុត្តិធម៌ជូនភាគីពាក់ព័ន្ធ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ