ភ្នំពេញ ៖ លោក ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានថ្លែងថា បេសកកម្មរបស់កងកម្លាំងនគរបាលជាតិមានតម្លៃខ្លាំងណាស់សម្រាប់ប្រជាពលរដ្ឋ ពីព្រោះកងនគរបាល គឺជាអ្នកឈរការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសម្រាប់ប្រជាពលរដ្ឋគ្រប់គ្នា និងគ្រប់ពេលវេលា។

លោក ប៉ែន បូណា បន្ដថា សព្វថ្ងៃនេះ ប្រជាពលរដ្ឋយើងធ្វើដំណើរទៅណាក៏បាន ថ្មើរណាក៏បាន ដោយគ្មានការព្រួយបារម្ភពីអសន្តិសុខឡើយ ដោយសារមាននគរបាលជាតិជាអ្នកយាមការពារគ្រប់ទិសទី។

នេះគឺជាការលើកឡើងរបស់ លោក ប៉ែន បូណា នាឱកាសដែល លោក អញ្ជើញជាអធិបតី និងជាវាគ្មិនកិត្តិយសជាមួយ លោក តាន់ ហ្សង់ហ្រ្វង់ស័រ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្រ្តី ទទួលបន្ទុកកិច្ចការការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ផ្តល់បាឋកថា ចែករំលែកបទពិសោធលើប្រធានបទ ស្តីពី «ប្រសិទ្ធភាពនៃការងារព័ត៌មាននិងការគ្រប់គ្រងសាធារណមតិ និងភូមិសាស្ត្រនយោបាយ»  នៅបណ្ឌិត្យសភានគរបាលកម្ពុជា នាថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤។

លោក ប៉ែន បូណា បន្តថា កងនគរបាលគ្រប់ប្រភេទខិតខំបំពេញការងារទាំងយប់ទាំងថ្ងៃ ដោយគ្មានថ្ងៃសៅរ៍ អាទិត្យ ឬថ្ងៃឈប់សម្រាកឡើយ ដើម្បីបង្កលក្ខណៈឱ្យប្រជាពលរដ្ឋបានកម្សាន្តសប្បាយ ក៏ដូចជាត្រៀមខ្លួនជានិច្ចក្នុងការបម្រើសេវាជូនប្រជាពលរដ្ឋ។ ក្នុងពេលដែលប្រជាពលរដ្ឋ មន្ត្រីរាជការ បុគ្គលិកកម្មករ បានដើរកម្សាន្តក្នុងថ្ងៃឈប់សម្រាក កងកម្លាំងសមត្ថកិច្ចនគរបាលឯណេះវិញ កាន់តែមមាញឹកខ្លាំង ហើយគុណតម្លៃដ៏ធំធេងនេះ មិនត្រូវមើលរំលងឡើយ។ សកម្មភាពល្អៗរបស់កងនគរបាលជាតិ គួរត្រូវបានបង្ហាញជាប្រចាំឱ្យប្រជាពលរដ្ឋបានជ្រួតជ្រាបតាមរយៈការផ្សព្វផ្សាយតាមបែបបុរេសកម្មនិងឆ្លាតវៃ ស្របតាមបច្ចេកវិទ្យាក្នុងសម័យទំនើប។ នេះជាការកត់សម្គាល់របស់ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលដោយបានបង្ហាញពីវិធីសាស្ត្រមួយចំនួនក្នុងការផ្សព្វផ្សាយក្នុងសកម្មភាពបុរេសកម្មជូនដល់កងកម្លាំងនគរបាលជាតិ។

នាយឧត្តមសេនីយ៍ សាស្រ្តាចារ្យ ឯក មនោសែន ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា បានថ្លែងអំណរគុណនិងកោតសរសើរចំពោះឯកឧត្តមវាគ្មិនទាំងពីរ ដែលបានចំណាយពេលវេលាដ៏មានតម្លៃមកចែករំលែកបទពិសោធដ៏មានសារសំខាន់ និងស្របពេលដែលពិភពលោកកំពុងមានការរីកចម្រើនផ្នែកបច្ចេកវិទ្យាព័ត៌មាន AI ព័ត៌មានសម្បូរបែប និងសភាពការណ៍ភូមិសាស្ត្រនយោបាយប្រែប្រួលជាបន្តបន្ទាប់ពិបាកវាយតម្លៃ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ