ភ្នំពេញ ៖ នៅរយៈពេលប៉ុន្មានថ្ងៃមុននេះ លោកឧកញ៉ាហ៊ួត ជា អគ្គនាយកក្រុមហ៊ុនហ៊ួត ជា បានបង្ហោះផ្សព្វផ្សាយ និងឡាយហ្វេសប៊ុកតាមរយៈទំព័រហ្វេសប៊ុករបស់ខ្លួនថាមានអ្នកឧកញ៉ាម្នាក់ទិញការ៉ូរបស់លោក អត់ទាន់សងលុយហើយប្ដឹងលោក ។

ប៉ុន្តែរឿងរ៉ាវមកដល់ពេលនេះ បានដោះស្រាយចប់សព្វគ្រប់ បន្ទាប់ពីលោកឧកញ៉ាហ៊ួត ជាបានទទួលស្គាល់កំហុស និងយល់ព្រមសងការខូចខាតទៅក្រុមហ៊ុនរបស់អ្នកឧកញ៉ាម្នាក់នោះ ក្រោយពេលអ្នកឧកញ៉ាបានយល់ព្រមដកពាក្យបណ្ដឹង  ។

បើតាមការផ្សព្វផ្សាយរបស់លោកឧកញ៉ាហ៊ួត ជា មិនបានបញ្ចេញឈ្មោះថាអ្នកឧកញ៉ាម្នាក់នោះ ឈ្មោះអ្វីនោះទេ តែលោកបានបង្ហាញអក្សរ កាត់ថាអ្នកឧកញ៉ា ស.ឬ ហើយនៅល្ងាចថ្ងៃទី២៥ តុលា ២០២៤ លោកឧកញ៉ាហ៊ួត ជា ក៏បានចេញវីដេអូជាថ្មីម្ដងទៀត ដើម្បីសុំទោសដល់អ្នកឧកញ៉ា ស.ឬ និងរៀបរាប់ពីកំហុសរបស់ខ្លួន  ។

តាមរយៈការផ្សាយផ្ទាល់ តាមទំព័រហ្វេសប៊ុករបស់លោកឧកញ៉ាហ៊ួត ជា លោកបានសុំទោសដល់អ្នកឧកញ៉ា ស.ឬ ក្នុងករណីដែលលោកបានធ្វើការផ្សព្វផ្សាយកន្លងមក នាំឱ្យប៉ះពាល់ដល់កិត្តិយសរបស់អ្នកឧកញ៉ា ស.ឬ ហើយលោកឧកញ៉ាហ៊ួត ជា ក៏បានទទួលស្គាល់កំហុសក្នុងការផ្គត់ផ្គត់សម្ភារៈសំណង់ទៅកាន់ក្រុមហ៊ុន និងការដ្ឋានរបស់អ្នកឧកញ៉ា ។

លោកឧកញ៉ាហ៊ួត ជា បានយល់ព្រមក្នុងការផ្ដល់សំណង ជួសជុលកែតម្រូវជូនទៅអ្នកឧកញ៉ា ស.ឬ តាមកិច្ចសន្យាដែលបានព្រមព្រៀងគ្នា ។ លោកថា៖« ជាក់ស្ដែងមែនទែនទៅ ខាងអ្នកឧកញ៉ា ស.ឬ មិនបានជំពាក់ប្រាក់ខ្ញុំ ដូចការបង្ហោះព័ត៌មានទេ តែខ្ញុំទៅវិញទេដែលជំពាក់ប្រាក់អ្នកឧកញ៉ា ហើយខ្ញុំបាទសូមយល់ព្រមទូទាត់សងប្រាក់ទៅអ្នកឧកញ៉ាវិញ  » ។

លោកហ៊ួត ជា បានសម្ដែងការសោកស្ដាយជាខ្លាំង ដែលមានការសម្រេចចិត្តលឿនក្នុងការបង្ហោះព័ត៌មានផ្សព្វផ្សាយ តាមបណ្ដាញសង្គម ដែលធ្វើឱ្យប៉ះពាល់ដល់កិត្តិនាមដល់អ្នកឧកញ៉ា ស.ឬ ហើយលោកក៏បានសូមថ្លែងអំណរគុណដល់អ្នកឧកញ៉ាដែលបានយល់ព្រមដកពាក្យបណ្ដឹង និងសូមអរគុណដល់សមាគមឧកញ៉ាកម្ពុជា ដែលបានជួយសម្របសម្រួលក្នុងករណីរបស់លោក និងអ្នកឧកញ៉ា ស.ឬ ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ