ឯកឧត្តម ឧត្តមសេនីយ៍ទោ អ៊ីវ វាសនា អញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារ ជំនាញផលិតកម្មវិធីផ្សាយ និងបច្ចេកទេសផ្សាយ របស់ស្ថានីយ៍វិទ្យុ និងទូរទស្សន៍មហាផ្ទៃ
ទីស្ដីការក្រសួងមហាផ្ទៃ ៖ នៅព្រឹកថ្ងៃទី០៥ និងរសៀលថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ ឯកឧត្តម ឧត្តមសេនីយ៍ទោ អ៊ីវ វាសនា អគ្គនាយករង នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារជំនាញផលិតកម្មវិធីផ្សាយ និងបច្ចេកទេសផ្សាយ របស់ស្ថានីយ៍វិទ្យុ និងទូរទស្សន៍មហាផ្ទៃ។
កិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារនេះដែរ ក៏មានការអញ្ជើញចូលរួមពី លោកឧត្តមសេនីយ៍ត្រី អ៊ាត តុលា ប្រធានស្ថានីយ៍វិទ្យុ និងទូរទស្សន៍មហាផ្ទៃ, លោកអនុប្រធានស្ថានីយ៍, លោក នាយការិយាល័យ នៃស្ថានីយ៍វិទ្យុ និងទូរទស្សន៍មហាផ្ទៃ ព្រមទាំងមន្ដ្រីពាក់ព័ន្ធជាច្រើនរូបទៀត។
នាឱកាសនោះដែរ ឯកឧត្តម ឧត្តមសេនីយ៍ទោ អ៊ីវ វាសនា បានមានប្រសាសន៍មានវាយតម្លៃខ្ពស់ ចំពោះសមិទ្ធផលការងារដែលសម្រេចបាន របស់ស្ថានីយ៍វិទ្យុ និងទូរទស្សន៍មហាផ្ទៃ ព្រមទាំង បានកោតសរសើរដល់ការខិតខំប្រឹងប្រែង និងការទទួលខុសត្រូវខ្ពស់ របស់ថ្នាក់ដឹកនាំ និងមន្រ្តីទាំងអស់ នៃស្ថានីយ៍វិទ្យុ និងទូរទស្សន៍មហាផ្ទៃ។
ឯកឧត្តម ឧត្តមសេនីយ៍ទោ ប្រធានអង្គប្រជុំ ក៏បានជម្រុញការអនុវត្តផែនការការងារក្នុងការធ្វើទំនើបកម្មបច្ចេកទេសផ្សាយ និងការធ្វើឲ្យកាន់តែប្រសើឡើងនូវកម្មវិធីផ្សាយដែលមានស្រាប់ព្រមទាំងខិតខំបង្កើតនូវកម្មវិធីផ្សាយល្អៗបន្ថែមទៀតដើម្បីបម្រើដល់គោលដៅដែលបានដាក់ចេញ។ ទន្ទឹមនឹងនេះដែរ ឯកឧត្តម ឧត្តមសេនីយ៍ទោ ក៏បានណែនាំដល់មន្ដ្រីទាំងអស់ ត្រូវខិតខំបំពេញការងារបន្ថែម ដើម្បីធ្វើយ៉ាងឱ្យស្ថានីយ៍វិទ្យុ និងទូរទស្សន៍មហាផ្ទៃ កាន់តែរីកចម្រើនជាបន្ដទៀត៕EB