កណ្ដាល ៖ លោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋ សូមឈប់ធ្វើការខ្ចីលុយពីជនជាតិឥណ្ឌា(លុយរាប់) ហើយក្នុងករណីដែលនៅមានប្រជាពលរដ្ឋមានការខ្ចីលុយពីជនជាតិឥណ្ឌា សូមធ្វើការរាយការណ៍មកអាជ្ញាធរមូលដ្ឋាន ឬរាយការណ៍មកឯកឧត្តមផ្ទាល់។
លោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានធ្វើការអំពាវនាវបែបនេះ ក្នុងឱកាសដែល ឯកឧត្តម អញ្ជើញជាអធិបតីភាព ក្នុងទិវាជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ១២ឆ្នូ លើកទី ១៨ ក្រោមប្រធានបទ "កម្ពុជាប្រឆាំងដាច់ខាតអំពើជួញដូរមនុស្សគ្រប់ទម្រង់ និងគ្រប់មធ្យោបាយក្នុងយុគសម័យឌីជីថល" អ្នកព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៤ នៅសាលាស្រុកស្អាង។
លោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បន្តថា៖ ការខ្ចីរបស់ជនជាតិឥណ្ឌានេះមានការប្រាក់ថ្លៃ ហើយមិនមានច្បាប់អនុញ្ញាតឡើយ។ ហើយការខ្ចីនេះ មានរយៈពេលកាន់តែយូរទៅ បំណុលរបស់យើងកាន់តែកើនឡើងឥតឈប់ឈរ ដែលធ្វើឲ្យយើងសងពួកគេមិនចេះអស់។ ដូច្នេះប្រសិនបើមានប្រជាពលរដ្ឋណាបានខ្ចីពីជនជាតិឥណ្ឌា សូមរាយការណ៍មកអាជ្ញាធរមូលដ្ឋាន ឬរាយការណ៍មកឯកឧត្តមផ្ទាល់ ដើម្បីធ្វើការពិនិត្យ និងសម្របសម្រួលជូនបងប្អូនកុំឱ្យមានការជំពាក់កាន់តែច្រើនជាងនេះបន្ថែមទៀត៕