ភ្នំពេញ ៖ នៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៤ លទ្ធផលនៃការសិក្សាស្រាវជ្រាវតាមដានជីវៈចម្រុះដោយម៉ាស៊ីនថតស្វ័យប្រវត្តិនៅដែនជម្រកសត្វព្រៃលំផាត់ បានបញ្ជាក់ថា ដែនជម្រកសត្វព្រៃលំផាត់នៅតែជាជម្រកដ៏សំខាន់សម្រាប់សត្វព្រៃធំៗ និងប្រភេទសត្វកម្រ ដូចជា ទន្សោង ខ្ទីង និងស្វាកន្ទុយសជិតផុតពូជបំផុត ដែលពួកវាមានតួនាទីយ៉ាងសំខាន់ក្នុងការថែរក្សាលំនឹងប្រព័ន្ធអេកូឡូស៊ីនៅក្នុងព្រៃ។

ការសិក្សានេះ ត្រូវបានអនុវត្តដោយអង្គការជីវិតធម្មជាតិនៅកម្ពុជា និងក្រសួងបរិស្ថាន ក្រោមមូលនិធិរបស់ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID) តាមរយៈសកម្មភាព USAID មរតកបៃតងចាប់ពីខែសីហា ឆ្នាំ ២០២៣ ដល់ខែមិថុនា ឆ្នាំ ២០២៤។ គោលបំណង គឺដើម្បីវាស់ស្ទង់ទិន្នន័យពីប្រភេទថនិកសត្វដ៏មានតម្លៃ និងផ្តល់បច្ចុប្បន្នភាព សម្រាប់ធ្វើការអភិរក្សក្រោមគម្រោងរេដបូកលំផាត់។

លទ្ធផលនៃការសិក្សានេះ កាមេរ៉ាស្វ័យប្រវត្តិបានថតសត្វព្រៃបានចំនួន ២៨ប្រភេទដែលមានទំហំផ្សេងៗគ្នា រាប់ចាប់តាំងពីសត្វខ្ទីង ដែលជាប្រភេទអំបូរសត្វពាហនៈមានមាឌធំជាងគេនៅលើពិភពលោក រហូតដល់ប្រភេទសត្វក្តាន់ញ៉ែង ដែលជាប្រភេទអំបូរក្តាន់តូចជាងគេបំផុតទីពីរនៅលើពិភពលោកផងដែរ។ ហើយក៏មានប្រភេទសត្វព្រៃជាច្រើនទៀត ត្រូវបានចាត់ថ្នាក់ក្នុងប្រភេទកំពុងរងគ្រោះខ្ពស់ក្នុងបញ្ជីក្រហមរបស់អង្គការសហភាពអន្តរជាតិដើម្បីការអភិរក្សធម្មជាតិ (IUCN Red List) ដែលក្នុងនោះមានសត្វពីរប្រភេទស្ថិតក្នុងស្ថានភាពជិតផុតពូជបំផុត គឺ សត្វស្វាកន្ទុយស និងសត្វទន្សោង ជាចំណាត់ថ្នាក់ដែលងាយនឹងឈានដល់ការផុតពូជបើសិនជាមិនមានការការពារទេនោះ។

លោក ប៊ូ វរសក្ស នាយកអង្គការជីវិតធម្មជាតិនៅកម្ពុជា បានមានប្រសាសន៍ថា «ការសិក្សានេះបញ្ជាក់ថា ដែនជម្រកសត្វព្រៃលំផាត់ដែលជាទីតាំងកំពុងអនុវត្តគម្រោងរេដបូកនេះពិតជាមានសារៈសំខាន់ជាសកល។ វត្តមាននៃប្រភេទសត្វដ៏អស្ចារ្យ ដូចជាខ្ទីង និងទន្សោង បានបង្ហាញពីតម្រូវការកិច្ចខិតខំប្រឹងប្រែងអភិរក្សរួមគ្នាដើម្បីការពារជម្រកព្រៃឈើដ៏សំខាន់ដែលនៅសេសសល់នេះ។ ក្រៅពីនេះ ដែនជម្រកសត្វព្រៃលំផាត់បាននិងកំពុងផ្តល់ទីជម្រកដល់សត្វស្លាបតំណាងជាតិរបស់កម្ពុជា គឺសត្វត្រយងយក្ស រួមជាមួយនិងប្រភេទសត្វជិតផុតពូជបំផុតផ្សេងៗទៀតដូចជា សត្វត្រយងចង្កំកស និងសត្វត្មាតភ្លើងផងដែរ។ អង្គការជីវិតធម្មជាតិនៅកម្ពុជា សូមអំពាវនាវដល់ភាគីពាក់ព័ន្ធទាំងអស់ ចូលរួមជាមួយក្រសួងបរិស្ថាន ដើម្បី ការពារតំបន់ទេសភាពដ៏វិសេសនេះ សម្រាប់កូនចៅជំនាន់ក្រោយរបស់យើង»។

លោក ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានមានប្រាសាសន៍ថា «ជម្រកសត្វព្រៃលំផាត់ គឺជាតំបន់ការពារធម្មជាតិមួយ ក្នុងចំណោមតំបន់គម្រោងរេដបូកនៅក្នុងប្រទេសកម្ពុជា កំពុងរៀបចំនិងអនុវត្តគម្រោងរេដបូកសម្រាប់ឥណទានកាបូន (REDD+) បានល្អ ដូចនៅតំបន់នានាផ្សេងទៀត នៅក្នុងប្រទេសកម្ពុជា»។

សូមបញ្ជាក់ថា ដែនជម្រកសត្វព្រៃលំផាត់ គឺជាតំបន់ការពារមួយក្នុងចំណោមតំបន់ការពារដ៏ធំបំផុតរបស់ប្រទេសកម្ពុជា និងមានប្រភេទជីវៈចម្រុះដែលមិនអាចជំនួសបានផ្សារភ្ជាប់ជាមួយទីជម្រកសត្វព្រៃផ្សេងៗគ្នាជាច្រើន៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ