ភ្នំពេញ ៖ អង្ករម៉ាកសមូហភាព «SKO» ដែលផលិតចេញពីពូជស្រូវសែនក្រអូបនៅក្នុងឆ្នាំ២០២៤ ត្រូវបានជាប់ ពានរង្វាន់មាស នៅក្នុងកម្មវិធីវាយតម្លៃគុណភាព រសជាតិ ប្រភេទអង្ករសគ្រាប់វែង ចិន-អាស៊ាន លើកទី២ ដែលកម្មវិធីនេះរៀបចំឡើងដោយវិទ្យាស្ថានវិទ្យាសាស្ត្រស្រូវនៃបណ្ឌិតសភាវិទ្យាសាស្ត្រកសិកម្មខេត្ត Guangxi និងមណ្ឌលការគ្រប់គ្រងគ្រាប់ពូជនៃតំបន់ស្វយ័ត Guangxi Zhuang របស់ប្រទេសចិន ដែលបានប្រកាសលទ្ធផលជាផ្លូវការនៅថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៤។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ សហព័ន្ធស្រូវអង្ករកម្ពុជា នាថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ។

អង្ករម៉ាក សមូហភាព «SKO» ដែលមានពូជស្រូវឈ្មោះសែនក្រអូប ត្រូវបានទទួលស្គាល់ជាពូជស្រូវល្អ និងមានរសជាតិឆ្ងាញ់ ព្រមទាំងបានជាប់ពានរង្វាន់មាស ក្នុងចំណោមពានមាសរបស់ពូជស្រូវរបស់ប្រទេសផ្សេងទៀត។

ការទទួលបាននូវពានរង្វាន់មាសនេះនឹងជួយឱ្យតម្លៃអង្ករសែនក្រអូបមានការទទួលស្គាល់កាន់តែច្រើនឡើង និងមានទីផ្សារកាន់តែធំទូលាយថែមទៀត។ សហព័ន្ធស្រូវអង្ករកម្ពុជា សូមអំពាវនាវដល់ប្រជាកសិករទាំងអស់ សូមមេត្តាខិតខំបន្តនូវការងារដាំដុះដែលប្រកបដោយគុណភាព និងមោទកភាពនេះជាបន្តទៀត។

សហព័ន្ធស្រូវអង្ករកម្ពុជា បានថ្លែងអំណរគុណដល់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តាមរយៈវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្មកម្ពុជា ដែលបានធ្វើការសិក្សាស្រាវជ្រាវ និងផលិតបាននូវពូជសុទ្ធដែលមានគុណភាពល្អ ជាពិសេស សូមថ្លែងអំណរគុណដល់ប្រជាកសិករកម្ពុជា ដែលបានខិតខំធ្វើការងារបានយ៉ាងល្អក្នុងការដាំដុះ និងរោងម៉ាស៊ីនកិនស្រូវដែលបានខិតខំសម្រិតសម្រាំងនិង កិនកែច្នៃអង្ករបានយ៉ាងល្អរហូតទទួលបានជ័យជំនះជូនប្រទេសជាតិ និងក្រុមហ៊ុន CICC (Cambodia) Co., Ltd ដែលជួយសម្របសម្រួលផ្នែកភស្តុភារកម្មក្នុងការចូលប្រកួតបានទាន់ពេលវេលា៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ