ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា មានប្រសាសន៍ថា ជាការពិតណាស់ជោគជ័យរបស់កម្ពុជា ក្នុងព្រឹត្តិការណ៍កីឡាធំៗ ពុំមែនកើតឡើងដោយចៃដន្យនោះទេ គឺអាស្រ័យដោយកត្តាចម្បងធំបំផុត គឺសុខសន្តិភាព និងស្ថិរភាពនយោបាយ។

នាឱកាសអញ្ជើញជាអធិបតីរួមជាមួយ លោកជំទាវបណ្ឌិត ពេជ ចន្ទមុនី ហ៊ុនម៉ាណែត ក្នុងព្រឹត្តិការណ៍បាល់ទាត់មិត្តភាព អបអរសាទរ ទិវាសន្តិភាពនៅកម្ពុជា ២៩ ធ្នូ ២០២៤ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ពិតជាមានសេចក្តីសោមនស្សក្រៃលែង បានមកចូលរួមក្នុងព្រឹត្តិការណ៍ បាល់ទាត់មិត្តភាពអបអរសាទរ «ទិវាសន្តិភាពនៅកម្ពុជា ២៩ ធ្នូ» ដែលនេះជាលើកដំបូង ដែលយើងបានជួបជុំគ្នា ប្រារព្ធពិធីនេះឡើង បន្ទាប់ពីរាជរដ្ឋាភិបាលបានសម្រេចកាលពីខែមករា ឆ្នាំ២០២៤ កន្លងទៅ, ដោយកំណត់ជាផ្លូវការយកថ្ងៃទី២៩ ខែធ្នូ រៀងរាល់ឆ្នាំជា «ទិវាសន្ដិភាពនៅកម្ពុជា» ។

លើសពីនេះ សម្តេចបវរធិបតី ពិតជាមានសេចក្តីរំភើបដោយបានឃើញវត្តមានចូលរួមយ៉ាងច្រើនកុះករ ពីសំណាក់ បងប្អូនជនរួមជាតិជាទស្សនិកជន ក៏ដូចជា ក្រុមកីឡាករទាំងបួនក្រុម ដែលជាតំណាងចូលរួមពីគ្រប់វិស័យ ដោយមានទាំងក្រុមយុវជន ស.ស.យ.ក, ក្រុមបាល់ទាត់តារាកម្ពុជា និង ក្រុមបាល់ទាត់គុនខ្មែរ ដែលបានឆ្លុះបញ្ចាំងយ៉ាងប្រត្យក្ស ឱ្យឃើញពីស្មារតីស្រឡាញ់កីឡា និងការចូលរួមថែរក្សាសន្តិភាព, ហើយនេះគឺបានរំលេចនូវអត្ថន័យ «កីឡារស់ក្នុងសន្តិភាព» ។

សម្តេចបវរធិបតី បន្ដថា បរិយាកាសដ៏អធិកអធម ជាមួយនឹងស្នាមញញឹមរបស់បងប្អូនជនរួមជាតិយើង នៅក្នុងពហុកីឡដ្ឋានមរតកតេជោ នាឱកាសនេះ បានទាញអារម្មណ៍សម្តេច ឱ្យត្រឡប់ទៅរកអនុស្សាវរីយ៍ មិនអាចបំភ្លេចបាន, នៅពេលដែលកម្ពុជាយើងបានរៀបចំការប្រកួតកីឡាស៊ីហ្គេម និង ប៉ារ៉ាហ្គេម ក្នុងឆ្នាំ២០២៣ ដែលទទួលបានជោគជ័យជាមហិមា និង ការកោតសរសើរស្ញប់ស្ញែងពីគ្រប់មជ្ឈដ្ឋានជាតិ និងអន្តរជាតិ។

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា «ពិតណាស់ជោគជ័យរបស់កម្ពុជាក្នុងព្រឹត្តិការណ៍កីឡាទាំងនេះ ពុំមែនកើតឡើងដោយចៃដន្យនោះទេ, ប៉ុន្តែគឺអាស្រ័យដោយកត្តាចម្បងធំបំផុត គឺសុខសន្តិភាព និង ស្ថិរភាពនយោបាយ ដែលយើងសម្រេច និង ថែរក្សាបានក្នុងរយៈពេលប៉ុន្មានទសវត្សរ៍ចុងក្រោយនេះ»។

សម្តេចបវរធិបតី បន្ថែមថា បើសិនជាកម្ពុជា គ្មានសន្តិភាព សូម្បីតែសមាជិកភាពរបស់កីឡាកម្ពុជា ក្នុងកីឡាអូឡាំពិក ដែលកម្ពុជាជាសមាជិកតាំងពីឆ្នាំ១៩៥៦ ក៏ត្រូវបានផ្អាកពីឆ្នាំ១៩៧០ ដល់ឆ្នាំ១៩៩៤ ពេលដែលកម្ពុជា មានសង្រ្គាមសមាជិកភាពនេះ ក៏ត្រូវបានផ្អាកផងដែរ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ