អភិបាលខេត្តតាកែវ ថ្កោលទោសម្ចាស់គ្លីនិក សុងហាក់ ម៉ារីណា ក្រោយចាក់ថ្នាំប្រតិកម្មបណ្ដាលឲ្យមនុស្សស្លាប់
ភ្នំពេញ ៖ លោក វ៉ី សំណាង អភិបាលខេត្តតាកែវ បានប្រកាសថ្កោលទោសចំពោះទង្វើដ៏អមនុស្សធម៌ របស់ម្ចាស់គ្លីនិក សុងហាក់ ម៉ារីណា ក្រោយចាក់ថ្នាំប្រតិកម្មបណ្ដាលឲ្យមនុស្សស្លាប់។
តាមរយៈសេចក្ដីប្រកាសព័ត៌មានរបស់ រដ្ឋបាលខេត្តតាកែវ នៅថ្ងៃទី១៩ វិច្ឆិកា បានឲ្យដឹងថា បន្ទាប់ពីទទួលបានព័ត៌មានករណីមរណភាពស្ត្រីឈ្មោះ ណាំ ចន្ទ រស់នៅភូមិទឹកថ្លា ឃុំត្រពាំងក្រសាំង ស្រុកបាទី ខេត្តតាកែវ រដ្ឋបាលខេត្ត និង ក្នុងនាមខ្លួន លោក វ៉ី សំណាង បានចាត់មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្ត ស្នងការដ្ឋាននគរបាលខេត្ត និង រដ្ឋបាលស្រុកបាទី ដើម្បីចាត់តាំងមន្ត្រីជំនាញ និង មន្ត្រីពាក់ព័ន្ធដើម្បីចុះ ពិនិត្យស្រាវជ្រាវ និង បានចាត់វិធានការផ្លូវច្បាប់ជាបន្ទាន់។
ពាក់ព័ន្ធករណីនេះ មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តតាកែវ បានបិទគ្លីនិកឈ្មោះ សុងហាក់ ម៉ារីណា ដោយ មិនឱ្យធ្វើអាជីវកម្ម និងសកម្មភាពជាបន្តឡើយ។ ទន្ទឹមនេះ សមត្ថកិច្ចជំនាញក៏បានឃាត់ខ្លួនម្ចាស់គ្លីនិកទាំងពីរ នាក់ប្តី ប្រពន្ធ ដើម្បីយកមកសួរនាំ និង អនុវត្តតាមនីតិវិធីច្បាប់ជាធរមាន។
លោក អភិបាលខេត្ត គូសបញ្ជាក់ថា «ក្នុងនាមថ្នាក់ដឹកនាំ នៃរដ្ឋបាលខេត្តតាកែវ និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ សូមថ្កោលទោសចំពោះទង្វើដ៏អមនុស្ស ធម៌ ដោយមិនគោរពក្រមសីលធម៌វិជ្ជាជីវៈជាគ្រូពេទ្យ ជាពិសេសច្បាប់ និងលិខិតបទដ្ឋាននានា នៃព្រះរាជាណា ចក្រកម្ពុជា»។
ជាមួយគ្នានេះ លោក អភិបាលខេត្ត បានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋទាំងអស់ដែលបានចូលរួមឈឺឆ្អាល ចំពោះអំពើដ៏អមនុស្សធម៌នេះ ក្នុងការពង្រឹងនិងការពារសុខភាពសាធារណៈជូនប្រជាពលរដ្ឋឱ្យបានកាន់តែល្អ ប្រសើរ។
សូមរំលឹកថា ស្ត្រីរងគ្រោះឈ្មោះ ណាំ ចន្ទូ អាយុ៤១ឆ្នាំ នៅភូមិទឹកថ្លា ឃុំត្រពាំងក្រសាំង ស្រុកបាទី ខេត្តតាកែវ ត្រូវបានម្ចាស់គ្លីនិក សុងហាក់ ម៉ារីណា ចាក់ថ្នាំប្រតិកម្មបណ្ដាលឲ្យស្លាប់កាលពីល្ងាចថ្ងៃទី១៨វិឆ្ឆិកា រួចយកសព និងក្មួយស្រីអាយុ៣ខួបទៅផ្លុងចោលនៅចំណុចគុម្ភសង្កែក្បែរផ្លូវបេតុង ស្ថិតនៅភូមិម្រះព្រៅ ឃុំចំបក់ស្រុកបាទី រហូតដល់ព្រឹកថ្ងៃទី១៩វិច្ឆិកា ទើបប្រជាពលរដ្ឋប្រទះឃើញសពជនរងគ្រោះ៕