ទីបំផុត ! ករណីចាប់ជំរិតជនជាតិចិន នៅក្រុងបាវិត ដែលនាំឱ្យនគរបាលនាយកដ្ឋានព្រហ្មទណ្ឌផ្ទុះអាវុធ ផ្លាតចំប្រជាពលរដ្ឋម្នាក់ ពេលនេះឧក្រិដ្ឋជនវៀតណាម ១២នាក់ ត្រូវបានចាប់ខ្លួន
ភ្នំពេញ ៖ នៅទីបំផុតទៅករណីចាប់ជំរិតជនជាតិចិន នៅក្រុងបាវិត ខេត្តស្វាយរៀង ត្រូវបានកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ដឹកនាំសហការបង្ក្រាបដោយជោគជ័យ ជាមួយការចាប់ខ្លួនឧក្រិដ្ឋជនជនជាតិវៀតណាម ចំនួន១២នាក់ នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤នេះ។
សូមបញ្ជាក់ថា កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៤ កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានទទួលបណ្តឹងករណីចាប់ឃុំឃាំង និងបង្ខាំងដោយខុសច្បាប់មានស្ថានទម្ងន់ទោស នៅចំណុចសង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ទៅលើជនរងគ្រោះឈ្មោះ CHEN YITONG ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិចិន បង្កឡើងដោយជនមិនស្គាល់អត្តសញ្ញាណមួយក្រុម ជិះរថយន្តម៉ាកស្តារិច ពណ៌ស មិនស្គាលផ្លាកលេខ។
ក្រោយពីទទួលបានពាក្យបណ្តឹងខាងលើ ដោយអនុវត្តតាមបទបញ្ជារបស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងលោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ, កម្លាំងនាយកដ្ឋាននគរនាយកដ្ឋាននគរបាល ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ ប៉ុល រតនា, ឧត្តមសេនីយ៍ត្រី ហ៊ុន មុន្នីរ័ត្ន, វរសេនីយ៍ឯក ហែម បូណា និងវរសេនីយ៍ឯក ឆាន់ គីមលី អនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានដឹកនាំសហការជាមួយកម្លាំងជំនាញស្នងដ្ឋាននគរបាលខេត្តស្វាយរៀង ចុះទៅដល់ទីតាំងកើតហេតុ ដើម្បីធ្វើការស្រាវជ្រាវ និងស៊ើបអង្កេតករណីខាងលើ។
លុះថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤ វេលាម៉ោង១២៖០០នាទីរសៀល កម្លាំងជំនាញបានស្រាវជ្រាវរកឃើញ ជនរងគ្រោះខាងលើត្រូវបានក្រុមជនសង្ស័យបង្ខាំងចាក់សោរទុកនៅក្នុងផ្ទះជួលមួយកន្លែងស្ថិតនៅក្នុងភូមិតាពៅ សង្កាត់បាវិត ខេត្តស្វាយរៀង និងបានឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់ ចំនួន១២នាក់។
បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបាននាំខ្លួនមកកាន់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌដើម្បីធ្វើការសាកសួរ។
សូមជម្រាបថា ករណីចាប់ជំរិតនេះហើយដែលមានឲ្យមានហេតុការណ៍កម្លាំង នាយកដ្ឋាននគរបាលព្រហ្មទណ្ឌផ្ទុះអាវុធផ្លាតចំប្រជាពលរដ្ឋម្នាក់ ដោយកាក់រថយន្តច្រឡំដោយហេតុថា ភិនភាគរថយន្ដបង្កដែលផ្ដល់ដោយសាច់ញាតិរបស់ជនរងគ្រោះ ស្រដៀងនឹងរថយន្ដរបស់ពលរដ្ឋដែលកំពុងធ្វើដំណើរដឹកអ្នកជំងឺទៅមន្ទីរពេទ្យនៅភ្នំពេញ៕