ភ្នំពេញ ៖ រយៈពេល ៩ខែ ឆ្នាំ២០២៤នេះ យ៉ាងហោចមានគណនីចំនួន៥៨២ បានទទួលការដោះស្រាយជាមតិយោបល់ និងសំណូមពររបស់ប្រជាពលរដ្ឋ ដែលបានផ្ញើមកកាន់ទំព័រហ្វេសបុក សម្ដេចក្រឡាហោម ស ខេង  ឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងទំព័រហ្វេសបុករបស់ ឧបនាយករដ្ឋមន្ដ្រី ស សុខា រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ។

តាមរយៈគេហទំព័ហ្វេសប៊ុកផ្ទាល់របស់ ឧបនាយករដ្ឋមន្ដ្រី ស សុខា នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៤នេះ បានជម្រាបជូនបងប្អូនជនរួមជាតិ នូវលទ្ធផលរបស់ក្រុមការងារតាមដានអំពីការដោះស្រាយចំពោះមតិយោបល់ ឬសំណូមពររបស់បងប្អូនប្រជាពលរដ្ឋ នៅក្នុងទំព័រហ្វេសប៊ុករបស់ ឯកឧត្តមអភិសន្ដិបណ្ឌិត និងទំព័រហ្វេសប៊ុកសម្តេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ក្នុងសមត្ថកិច្ចក្រសួងមហាផ្ទៃ ក្នុងរយៈពេល ៩ខែ នៃឆ្នាំ២០២៤ នេះ។

ក្នុងរយៈពេល ៩ខែ នៃឆ្នាំ២០២៤ នេះ ក្រុមការងារតាមដានអំពីការដោះស្រាយចំពោះមតិយោបល់ ឬសំណូមពររបស់បងប្អូនប្រជាពលរដ្ឋ ក្នុងទំព័រហ្វេសប៊ុករបស់ ឧបនាយករដ្ឋមន្ដ្រី និងទំព័រហ្វេសប៊ុកសម្តេចក្រឡាហោម ស ខេង ក្នុងសមត្ថកិច្ចក្រសួងមហាផ្ទៃ បានទទួលសំណូមពរ និងសំណួររបស់ប្រជាពលរដ្ឋ ចំនួន ៥៨២គណនី ដែលក្នុងនោះ មតិយោបល់របស់ប្រជាពលរដ្ឋ ចំនួន ១៨៤គណនី បានលើកឡើងជាធាតុចូល ជូនថ្នាក់ដឹកនាំ និងអង្គភាពជំនាញផ្សេងៗដើម្បីជ្រាប ក៏ដូចជាការកែលំអរក្នុងការងារប្រចាំថ្ងៃ ក្នុងដែនសមត្ថកិច្ចក្រសួងមហាផ្ទៃ។ ទន្ទឹមនឹងនេះដែរ ក្រុមការងារ ក៏បានទទួលបានការដោះស្រាយ និងបានឆ្លើយតបទៅម្ចាស់គណនី ចំនួន ២៧៤គណនី និង ១២៤គណនីទៀត កំពុងស្ថិតក្នុងដំណាក់កាលដោះស្រាយ។

ឆ្លៀតក្នុងឱកាសនេះ ឧបនាយករដ្ឋមន្ដ្រី ស សុខា ក៏លើកទឹកចិត្តនិងសូមឱ្យថ្នាក់ដឹកនាំ និងមន្ត្រីស្ថិតក្នុងដែនសមត្ថកិច្ចក្រសួងមហាផ្ទៃ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ និងក្រុមការងារតាមដានអំពីការដោះស្រាយចំពោះមតិយោបល់ ឬសំណូមពររបស់បងប្អូនប្រជាពលរដ្ឋ នៅក្នុងទំព័រហ្វេសប៊ុក ខិតខំប្រឹងប្រែង និងការសហការគ្នាបំពេញភារកិច្ចជូនប្រជាពលរដ្ឋ និងឧត្តមប្រយោជន៍ជាតិ ឱ្យបានកាន់តែល្អប្រសើរបន្ថែមទៀត។ ឧបនាយករដ្ឋមន្ដ្រី ក៏សុំការយល់យោគអធ្យាស្រ័យពីបងប្អូនជនរួមជាតិ ចំពោះករណីមួយចំនួន ដែលក្រុមការងារ និងភាគីពាក់ព័ន្ធ នៅមិនទាន់បានដោះស្រាយចប់សព្វគ្រប់។

ឧបនាយករដ្ឋមន្ដ្រី ក៏សូមថ្លែងអំណរគុណបងប្អូនជនរួមជាតិ ដែលបានលើកជាមតិយោបល់ និងសំណូមពរនានា មកកាន់ទំព័រហ្វេសប៊ុករបស់ ឧបនាយករដ្ឋមន្ដ្រី និងទំព័រហ្វេសប៊ុកសម្តេចក្រឡាហោម ស ខេង ដើម្បីយើងរួមគ្នាដោះស្រាយបញ្ហានានា ក្រៅប្រព័ន្ធតុលាការ ដែលជាផ្នែកមួយដ៏សំខាន់ជួយសម្រួលដល់ជីវភាពរស់នៅរបស់ពុកម៉ែ បងប្អូនប្រជាពលរដ្ឋ និងរួមគ្នាអភិវឌ្ឍន៍សង្គមជាតិយើង ឱ្យកាន់តែរីកចម្រើនថែមទៀត៕

 

 

 

 

 

 

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ