ស្រុកកំពង់ត្របែក ៖ នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម ហោ សំអាត អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកំពង់ត្របែក និងជាតំណាង ឯកឧត្តម ហាស់ សារ៉េត ប្រធានក្រុមការងារចុះមូលដ្ឋានស្រុកកំពង់ត្របែក បានអញ្ជើញជាអធិបតីកម្មវិធីប្រកួតកីឡាមហាជនថ្នាក់ស្រុក ដើម្បីជ្រើសរើសយកជើងឯកទៅចូលរួមប្រកួតនៅថ្នាក់ខេត្តពានរង្វាន់ ឯកឧត្តមអតិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដើម្បីអបអរសាទរទិវាជ័យជំនះ ៧ មករា ខួបលើកទី៤៦។



នាឱកាសនោះដែរ ក៏មានការអញ្ជើញចូលរួមផងដែរពីសំណាក់ លោក-លោកស្រី អនុប្រធានក្រុមការងារចុះមូលដ្ឋានថ្នាក់ស្រុក និងជាប្រធាន អនុប្រធានទី១ ក្រុមការងារឃុំទាំង១៣ អនុប្រធានក្រុមការងារថ្នាក់ស្រុកទទួលចល័ត លោក លោកស្រី មន្ត្រីរាជការ កងកម្លាំង ប្រដាប់អាវុធ អាជ្ញាធរ ឃុំ ភូមិ នាយក នាយិកា លោកគ្រូ អ្នកគ្រូ និងកីឡាករ កីឡាការិនី មកពីបណ្តាឃុំទាំង១៣ ប្រជាពលរដ្ឋ និងប្អូនសិស្សានុសិស្ស អ្នកគាំទ្រជាច្រើនរូបផងដែរ។



សូមជម្រាបជូនថា នេះជាលើកទី១ ហើយ រដ្ឋបាលស្រុកកំពង់ត្របែក បានរៀបចំការប្រកួតកីឡាមហាជន ក្នុងទ្រង់ទ្រាយធំ ដែលមានការចូលរួមពីក្រុមកីឡាករ កីឡាការិនី មកគ្រប់ឃុំទូទាំងស្រុក លើប្រភេទកីឡា បាល់ទាត់ បាល់ទះ ចូលរួមប្រកួតជម្រុះថ្នាក់ស្រុកដើម្បីជ្រើសរើសយកជើងឯកលេខ ១, ២, ៣ ទៅចូលរួមប្រកួតនៅថ្នាក់ខេត្ត ដើម្បីដណ្តើមពានរង្វាន់ ឯកឧត្តមអតិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដើម្បីអបអរសារទរទិវាជ័យជំនះ ៧ មករា ខួបទី៤៦ (៧ មករា១៩៧៩ - ៧ មករា ២០២៥)។



លើសពីនេះទៀត សមាសភាពក្រុមកីឡា ដែលបានចូលរួមានប្រកួតនេះដែរ កីឡាបាល់ទាំងបុរសមាន ១៣ក្រុម កីឡាករសរុបចំនួន ៣២៥នាក់ កីឡាបាល់ទាត់នារី ចំនួន ១ក្រុម សរុបចំនួន ២៥នាក់ និងកីឡាបាល់ទះបុរស មានចំនួន ១០ក្រុម មានកីឡាករសរុបចំនួន ១២០នាក់ ដែលការប្រកួតនឹងចំណាយរយៈពេល ៣ថ្ងៃ ដោយឡែកក្រុមដែលជាប់ចំណាត់ថ្នាក់លេខ៣ ត្រូវទៅប្រកួតជាមួយក្រុមដែលជាប់ចំណាត់ថ្នាក់លេខ៣ របស់ស្រុកព្រះស្តេច៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ