សម្ដេចក្រឡាហោម ស ខេង ៖ មិនត្រូវមានទស្សនៈឆ្អែកឆ្អន់នឹងសន្ដិភាព ព្រោះកត្តានេះជាមូលដ្ឋានគ្រឹះនៃជីវភាពរស់នៅដ៏សុខសាន្ដ របស់ប្រជាជន
ព្រៃវែង ៖ សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តព្រៃវែង បានផ្តល់អនុសាសន៍ដល់ថ្នាក់ដឹកនាំ និងសមាជិកក្រុមការងារទាំងអស់ មិនត្រូវមានទស្សនៈផ្នែកឆ្អន់នឹងសន្តិភាព ស្ថិរភាព សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងការអភិវឌ្ឍជាដាច់ខាត ពីព្រោះកត្តាទាំងនេះ ជាមូលដ្ឋានគ្រឹះនៃជីវភាពរស់នៅដ៏សុខសាន្តរបស់ប្រជាជន។
នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មាន ស្ដីពីលទ្ធផលកិច្ចប្រជុំបូកសរុបសកម្មភាពការងារគណៈកម្មាធិការគណបក្សខេត្តព្រៃវែង ឆ្នាំ២០២៤ និងលើកទិសដៅអនុវត្តបន្ត ឆ្នាំ២០២៥ ក្រោមអធិបតីភាព សម្តេច ស ខេង នាថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៥។
នាឱកាសនោះដែរ សម្ដេច ស ខេង បានកោតសរសើរចំពោះលទ្ធផលសម្រេចបាន របស់គណៈកម្មាធិការគណបក្សខេត្រព្រៃវែង បានរួមគ្នាធ្វើសកម្មភាពប្រកបដោយជោគជ័យ ក្នុងរយៈពេលពេញមួយឆ្នាំ ២០២៤។
សម្តេច បានផ្តល់អនុសាសន៍ ដល់ថ្នាក់ដឹកនាំ និងសមាជិកក្រុមការងារទាំងអស់ មិនត្រូវមានទស្សនៈផ្នែកឆ្អន់នឹងសន្តិភាព ស្ថិរភាព សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងការអភិវឌ្ឍជាដាច់ខាត ពីព្រោះកត្តាទាំងនេះជាមូលដ្ឋានគ្រឹះនៃជីវភាពរស់នៅដ៏សុខសាន្តរបស់ប្រជាជន ដែលក៏ជាស្នូលនៃការពង្រឹងកម្លាំងនយោបាយរបស់គណបក្ស។
សម្តេច ក៏បានណែនាំឱ្យបន្តចុះ តាមមូលដ្ឋាន ចុះតាមខ្នងផ្ទះ ចុះតាមដីស្រី ដីចម្ការ និងកន្លែងប្រកបរបរទទួលទានរបស់ប្រជាជន ដើម្បី ស្វែងយល់ពីជីវភាពរស់នៅ សុខទុក្ខ តម្រូវការ សំណើ សំណូមពរ និងដោះស្រាយបញ្ហារបស់ប្រជាជន ប្រកបដោយយុត្តិធម៌ បន្តតាមដានព័ត៌មាន និងសាធារណមតិ ដើម្បីប្រមូលបញ្ហាពាក់ព័ន្ធមកដោះស្រាយ ហើយទន្ទឹមគ្នានេះត្រូវរួមគ្នាប្រឆាំងព័ត៌មានក្លែងក្លាយដែលជាអាវុធបំពុលសង្គមប្រភេទថ្មីដ៏ពេញនិយម ជាពិសេសលើបណ្តាញផ្សព្វផ្សាយសង្គម។
លើសពីនេះ សម្តេច ស ខេង ក៏បានណែនាំថ្នាក់ដឹកនាំ និងក្រុម ការងារគណបក្ស បំផុសឱ្យប្រជាពលរដ្ឋ ចូលរួមអប់រំ តាមដាន ទូន្មាន ប្រៀនប្រដៅកូនចៅរបស់ខ្លួនឱ្យ ចៀសឆ្ងាយពីអំពើអបាយមុខក្នុងសង្គម ដូចជាគ្រឿងញៀន ល្បែងស៊ីសង និងក្មេងទំនើងជាដើម ជា ពិសេសជំរុញឱ្យអាជ្ញាធរគ្រប់ថ្នាក់ ដឹកនាំអនុវត្តឱ្យបានសកម្ម និងប្រកបដោយប្រសិទ្ធភាព នូវគោល នយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព៕